លោកជំទាវ ពេជ ចន្ទមុន្នី កោតសរសើរសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត ដែលបានបណ្តុះបណ្តាលយុវតីចូលរួមសកម្មភាពសង្គម

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានបង្ហាញមោទនភាពចំពោះកុមារី និងយុវតីដែលមានឱកាសទទួលបានការបណ្ដុះបណ្ដាលចំណេះដឹង សីលធម៌ និងការចូលរួមកិច្ចការសង្គមទាំងក្នុង និងក្រៅប្រទេស។
លោកជំទាវ ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត ដែលបានដឹកនាំសកម្មភាពកុមារីយុវតីឲ្យទទួលបានការបណ្ដុះបណ្ដាលចំណេះដឹងជំនាញសីលធម៌សង្គមនិងចូលរួមសកម្មភាពសង្គមជាច្រើននាពេលកន្លងមក។
អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានគាំទ្រ និងលើកលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំសមាគមសាខាខេត្តកំពត បន្តសកម្មភាព
បណ្ដុះបណ្ដាល សកម្មភាពសិល្ប: វប្បធម៌ប្រពៃណីទំនៀមទម្លាប់ ការងារបរិស្ថាន និងសកម្មសកម្មភាពសង្គមជាច្រើនទៀតដើម្បីចូលរួមអភិវឌ្ឍន៍កុមារី យុវតីឱ្យកាន់តែសកម្មថែមទៀត។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍បែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកា សមាជិក គាំទ្រសាខាខេត្តកំពត នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកស្រីសហស្ថាបនិក លោកស្រីក្រុមប្រឹក្សាភិបាលសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត និងថ្នាក់ដឹកនាំសមាជិកា សមាជិកគាំទ្រសមាគមជាច្រើនរូបទៀត៕
