កងប្រតិបត្តិការណ៍រុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ ចូលរួមក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្ដរាយ

ភ្នំពេញ៖ កងប្រតិបត្តិការណ៍រុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០
បានចូលរួមក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ក្រោមមូលបទ«រួមគ្នាដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់ នឹងគ្រោះមហន្ដរាយ»។
ពិធីនេះ ប្រារព្ធឡេីង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
ក្រោមការណែនាំរបស់ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ បានចាត់តាំងមេបញ្ជាការរងកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ រៀបចំដាក់តាំងបង្ហាញរថយន្តសង្គ្រោះ មធ្យោបាយដឹកជញ្ជូន សម្ភារៈ និងឧបករណ៍សង្គ្រោះជាច្រើនដែលបំរេីក្នុងប្រតិបត្តិការសង្គ្រោះផងដែរ ។
ក្រៅពីការរៀបចំរបស់កងសង្គ្រោះ៧១១ នៅមានមកពីបញ្ជាការដ្ឋានទ័ពពិសេស កាកបាទក្រហមកម្ពុជា និងអង្គការដៃគូមួយចំនួនទៀត។
ក្នុងនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសេីរគ្រប់បណ្តាអង្គភាពទ័ព អង្គការដៃគូពាក់ព័ន្ធដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួនក្នុងការចូលរួមជួយអាយុជីវិតប្រជាពលរដ្ឋក្នុងហេតុការណ៍គ្រោះមហន្តរាយនានា ។
ប្រតិបត្តិការដែលកងសង្គ្រោះ៧១១ ចូលរួមសង្គ្រោះកន្លងមករួមមាន គ្រោះអគ្គិភ័យ ទឹកជំនន់ បាក់រលំអគារ គ្រោះថ្នាក់ចរាចរណ៍ យកមនុស្សចេញពីរូងភ្នំនៅខេត្តបាត់ដំបង និងករណីសង្គ្រោះបឋមជាច្រេីនករណីទៀតដែលកេីតមានជាយថាហេតុតាមទីសាធារណ: ។
សូមជម្រាបថា ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺត្រូវបានរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា កំណត់យកថ្ងៃទី ១៣ ខែតុលា ដេីម្បីប្រារព្ធទិវាជាតិនេះជារៀងរាល់ឆ្នាំ៕

