ក្រុមការងារថ្នាក់ខេត្ត និងរដ្ឋបាលស្រុកស្វាយចេក ដង្ហែអង្គកឋិនទានសាមគ្គី ឆ្ពោះទៅកាន់វត្តឧត្តមារាម(ថ្មី) ក្នុងស្រុកស្វាយចេក
ភ្នំពេញ៖ ក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកស្វាយចេកដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកស្វាយចេកដឹកនាំដោយលោក ដា ទឹងប្រធានក្រុមប្រឹក្សាស្រុក លោកលឿង សុភ័ក្រ្ត អភិបាលស្រុកបានមូលមតិគ្នាជាឯកច្ឆន្ទផ្តើមធ្វើអង្គកឋិនទានសាមគ្គី ដែលផ្តួចផ្តើមឡើងដោយលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តមសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឈដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមា វត្តឧត្តមារាម(ថ្មី) ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា (ខ្លោងទ្វារវត្ត) ដែលជាតម្រូវការសម្រាប់ព្រះសង្ឈនិងពុទ្ធបរិស័ទ ។
កម្មវិធីបុណ្យ៖នៅថ្ងៃអង្គារ៍ ០១កើតខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២វេលាម៉ោង២រសៀល ជួបជុំមន្ត្រីរាជការ បងប្អូនអាជីករ និងពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើបទ នមស្សការព្រះរតនត្រ័យ និមន្តព្រះសង្សចម្រើនព្រះបរិត្ត សមាទានសិលនិងសម្តែងព្រះធម៌ទេសនា នៅក្នុងបរិវេណសាលាស្រុកស្វាយចេក ។ លុះថ្ងៃពុធ០២កើត ខែឆ្នាំដដែល វេលាម៉ោង៧និង៣០នាទីព្រឹក ជួបជុំមន្ត្រីរាជការ បងប្អូនអាជីករ និងពុទ្ធបរិស័ទ រៀបចំក្បួនដង្ហែអង្គកឋិនទានឆ្ពោះទៅកាន់វត្តឧត្តមារាម(ថ្មី) ស្ថិតនៅភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
បុណ្យកឋិនទានគឺជាកម្មវិធីបុណ្យមួយដែលមានក្នុងព្រះពុទ្ធសាសនាជាយួរយាមកហើយ តាំងពីសម័យពុទ្ធកាលមកម្លេះ មកទល់បច្ចុប្បន្ននេះយើងឃើញគ្រប់វត្តអារាមទាំងអស់ឲ្យតែឃើញព្រះសង្ឈចាំព្រះវស្សាបវរណារួចស្រេចហើយ មានកម្មវិធីបុណ្យមួយគឺបុណ្យកឋិនទាននេះ គឺកម្មវិធីដង្ហែស្បង់ស្បៃត្រ័យជីពរគ្រឿងបរិក្ខាទាំងឡាយនេះ យកទៅវេរប្រគេនដល់ព្រះសង្ឈដែលគង់ចាំព្រះវស្សាគឺជាអំណោយរបស់ភិក្ខុសង្ឈដែលបានខំគោរពប្រតិបត្តិថែរក្សាចាំព្រះវស្សាមិនឲ្យដាច់អស់រយៈកាល០៣ខែនោះ ដើម្បីលោកបានទទួលក្រាលគ្រងអនិសង្ឈកឋិនទាននេះ បន្តទៅទៀតរហូតដល់ថ្ងៃ១៥កើតខែផល្គុន ជាការអនុគ្រោះដល់ព្រះភិក្ខុសង្ឈដែលបានចាំព្រះវស្សាឲ្យរួចទុក្ខរួចទោសអបត្តិតូចតាចជាច្រើនផងដែរ ។ មួយវិញទៀតកឋិនទានមានកាលពេលវេលា២៩ថ្ងៃតែប៉ុណ្ណោះ ហើយក្នុង០១វត្តទទួលបានតែ០១ដងទេ ទោះកឋិនមានប៉ុន្មានក៏ដោយគឺត្រូវមកវេរប្រគេនព្រះសង្ឈរួមគ្នាតែម្តង។នេះបើយោងតាមគម្ពីវិន័យព្រះពុទ្ធសាសនា មានចែងបញ្ជាក់នៅក្នុងគម្ពីព្រះត្រ័យបិដក់ភាគទី០៨ គឺគម្ពីមហាវក្យត្រង់កឋិនខន្តិកៈនិយាយរៀបរាប់ប្រាប់អំពីកឋិនទាននោះ ។
ថ្លែងក្នុងពិធីដ៏នក្ខត្តប្ញក្សនោះដែរ លោក លឿង សុភ័ក្រ្ត អភិបាលស្រុកស្វាយចេក បានលើកឡើងថា៖ក្នុងរយៈពេល០២ឆ្នាំមកហើយដែលយើងបានខកខានមិនបានធ្វើកឋិនទានដោយសារតែជម្ងឺកូវីដ-១៩ តែបច្ចុប្បន្ននេះជម្ងឺដ៏កាចសាហាវនោះមានស្រាកស្រាន នេះក៏ដោយសារតែរាជរដ្ឋាភិបាលអនុវត្តនូវនយោបាយស្រោចវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយបងប្អូនបានទៅចាក់វ៉ាក់សាំងគ្រប់ដូសនិងបានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការ៣ការពារនិង៣កុំ ដែលធ្វើឲ្យយើងទាំងអស់គ្នាបានជួបជុំធ្វើបុណ្យផ្សេងៗ រួមទាំងបុណ្យកឋិននេះផងដែរ ។
បច្ច័យដែលបានមកពីអង្គកឋិនទាននេះ សរុប៣៣លាន៥៥៣ពាន់៥០០រៀល,២ពាន់ដុល្លានិង៧ពាន់១០០បាត ។បច្ច័យទាំងនេះគឺប្រគេនដល់ព្រះសង្ឈ សម្រាប់កសាងខ្លោងទ្វារវត្ត ។ ជាមួយគ្នានោះដែរ លោកអភិបាលស្រុកស្វាយចេក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ដែលបានចូលរួមក្នុងកម្មវិធីបុណ្យកឋិនទាននេះ ចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទនិង ណែនាំកូនចៅកុំប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗដែលសង្គមស្ពប់ខ្ពើម និងអប់រំកូនចៅនៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនទន្ទឹមនឹងបំផ្លាញសុខភាព វាអនាគតផងដែរ ៕
