ឯកឧត្ដម ហ៊ុន ម៉ាណែត៖ វប្បធម៌នៃការចែករំលែករវាងស្ថាប័ន-អង្គភាពស៊ីវិល ជាមួយអង្គភាពកងយោធពលខេមរភូមិន្ទ គឺជាគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញាណរបស់ សម្តេចតេជោ ក្នុងការបណ្តុះស្មារតីមហាសាមគ្គីជាតិខ្មែរ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា វប្បធម៌នៃការចែករំលែករវាងស្ថាប័ន-អង្គភាពស៊ីវិល ជាមួយអង្គភាព កងយោធពលខេមរភូមិន្ទ គឺជាគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញាណរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីក្នុងការបណ្តុះស្មារតីមហាសាមគ្គីជាតិខ្មែរ។
មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានារបស់កងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ និងពិធីសំណេះសំណាលសួរសុខទុក្ខរបស់អង្គភាពសម្ព័ន្ធមេត្រីភាព នៅខេត្តបាត់ដំបង នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដមឧត្តមសេនីយ៍ឯក បានឲ្យដឹងថា វប្បធម៌នៃការចែករំលែករវាងស្ថាប័ន-អង្គភាពស៊ីវិល ជាមួយអង្គភាព នៃកងយោធពលខេមរភូមិន្ទ គឺជាគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញាណរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីក្នុងការបណ្តុះនូវស្មារតីមហាសាមគ្គីជាតិខ្មែរ ចូលរួមពង្រឹងវិស័យការពារជាតិ តាមរយៈការភ្ជាប់បេះដូង និងបង្កើនចំណងសាមគ្គីស្អិតរមួតរវាងកងទ័ពជាសមរភូមិមុខ និងប្រជាជនជាសមរភូមិក្រោយ។

ឧត្តមសេនីយ៍ឯក បន្ថែមថា ចក្ខុវិស័យដ៏ថ្លៃថ្លានេះ ពិតជាបានផ្តល់នូវលទ្ធផលគួរជាទីមោទនៈ ទាំងផលចំពោះមុខដល់យោធិន និងក្រុមគ្រួសារ និងផលយូរអង្វែងជូនដល់អង្គភាព និងសង្គមជាតិ។
ជាមួយគ្នានោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលថ្មីៗជាច្រើន របស់កងពលតូចថ្មើរជើងលេខ ៥៣ រួមមានជាអាទិ៍៖ អគារស្នាក់នៅរបស់សិក្ខាកាម, អគារទីបញ្ជាការកងអនុសេនាធំ, ឃ្លាំងអាវុធគ្រាប់, ផ្ទះបាយគំរូ, ផ្លូវគ្រួសក្រហម, ផ្លូវបេតុង, តារាងបាល់ទាត់ រួមនឹងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត សម្រាប់បម្រើតម្រូវការការងារប្រចាំថ្ងៃរបស់អង្គភាព ក៏ដូចជាការរស់នៅ និងការហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន។

ទន្ទឹមនិងនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បានកោតសរសើរចំពោះសមិទ្ធផលការងារទាំងឡាយ ដែលអង្គភាពខិតខំសម្រេចបានក្នុងរយៈកាលកន្លងមកពេលនេះ ទាំងលើការបំពេញភារកិច្ចស្នូលក្នុងការការពារបូរណភាពទឹកដី និងការសហការការពារសន្តិសុខ ស្ថិរភាពនៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រ ដោយធានាបាននូវសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ក៏ដូចជាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ឯកឧត្ដមបានឲ្យដឹងទៀតថា មួយវិញទៀត អង្គភាពក៏បានយកចិត្តទុកដាក់សហការបំពេញភារកិច្ចផ្សេងៗទៀតផងដែរ ដូចជា៖ (i) បានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដូចជា៖ ខ្យល់ព្យុះ, ខ្យល់កន្ត្រាក់, ទឹកជំនន់, អគ្គិភ័យ ។ល។ និង (ii) បានសហការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនយោធិន គ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋ នៅក្នុងខេត្តចំនួន ០៣ គឺបាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ។

បន្ថែមពីលើនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានរតនាគារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារវឌ្ឍនៈ ក្នុងនាមជាស្ថាប័នសម្ព័ន្ធមេត្រីភាព ក៏ដូចជាសប្បុរសជនទាំងអស់ ដែលកន្លងមកតែងបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា និងសម្ភារ ដល់កងពលតូចថ្មើរជើងលេខ៥៣ រហូតអង្គភាពមានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវការលំបាក និងតម្រូវការជាក់ស្តែងចំពោះមុខនានា ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ៕

