សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនរៀបចំបាឋកថាឈ្វេងយល់ពីសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌នៃក្រសួងវប្បធម៌វិចិត្រសិល្បៈមានរៀបចំបាឋកថាឈ្វេងយល់ពីទំនាក់ទំនងកម្ពុជានិងចិន និង ឈ្វេងយល់សមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន។
បន្ថែមពីការរំលេចនូវសមិទ្ធផលមហាសាលដែលបានកើតចេញពីទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ និងក្រោមកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះលើគ្រប់វិស័យក្នុងនាមជាមិត្តដែកថែប លោក បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់ជម្រាបដល់អង្គពិធីដែលជាមន្ត្រីរាជការអញ្ជើញមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ទីស្តីការគណៈរដ្ឋមន្រ្តី អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហភាពសហព័ន្ធយុវជនកម្ពុជា និងនិស្សិតប្រមាណ៧៣នាក់ ក៏បានរំលេចបន្ថែមពីសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន។ ការតស៊ូរយៈពេលមួយសតវត្សរ៍របស់បក្សកុម្មុយនិស្តចិនបានផ្លាស់ប្តូរជាមូលដ្ឋាននូវអនាគតនិងជោគវាសនារបស់ប្រជាជនចិន បានបើកមាគ៌ាដ៏ត្រឹមត្រូវដើម្បីសម្រេចបាននូវការស្តារឡើងវិញភាពអស្ចារ្យរបស់ប្រជាជាតិចិន និងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ដំណើរវឌ្ឍនភាពនៃប្រវត្តិសាស្ត្រមនុស្សជាតិ។
លោកបន្តថា ចក្ខុវិស័យយុទ្ធសាស្ត្រ និងសមិទ្ធផលរបស់បក្សកុម្មុយនិស្តចិនក្នុងការស្វែងរកសុភមង្គលសម្រាប់ប្រជាជន និងការរីកចម្រើនសម្រាប់ពិភពលោក ត្រូវបានប្រជាជនពេញមួយពិភពលោកទះដៃអបអរសាទរនិងកោតសរសើរយ៉ាងក្រៃលែង។ ដោយឡែកសមាជបក្សកម្មុយនិស្តចិនដែលប្រារព្ធឡើងនៅរៀងរាល់៥ឆ្នាំម្តង ហើយឆ្នាំនេះគឺជាមហាសន្និបាតលើកទី២០របស់បក្សកុម្មុយនិស្តចិន ដែលមានតំណាងអ្នកចូលរួមសរុបចំនួន២២៩៦នាក់មកពី៣៨នៃអង្គបោះឆ្នោតទូទាំងប្រទេសចិន ។

បើតាមប្រភពដដែល នាថ្ងៃបើកសមាជ ដែលគ្រោងនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន នឹងអានរបាយការណ៍នយោបាយ ពិនិត្យឡើងវិញនូវសមិទ្ធផលក្នុងរយៈពេល៥ឆ្នាំកន្លងមក ហើយថែមទាំងផ្តល់នូវទិសដៅទូទៅសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិន។ សមាជបក្សក៏រួមបញ្ចូលដំណើរការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំបក្សនិងរដ្ឋាភិបាលថែមទៀតផង។
លោកបណ្ឌិតបានបន្ថែមថា សមាជជាតិលើកទី២០នៃបក្សកុម្មុយនិស្តចិន គឺជាសន្និសីទដ៏សំខាន់មួយដែលបានធ្វើឡើងនៅគ្រាដែលបក្សកុម្មុយនិស្តចិនដឹកនាំប្រជាជនចិនគ្រប់ក្រុមជនជាតិភាគតិចទាំង៥៦ជនជាតិ បន្តដំណើរឈានចូលយុគសម័យថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបក្នុងគ្រប់វិស័យ។ ផ្លូវនិងការដើរឆ្ពោះទៅរកគោលដៅទី២ប្រចាំសតវត្សរ៍ ដែលវានឹងមិនត្រឹមតែមានសារៈសំខាន់យ៉ាងសំខាន់ចំពោះការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិនប៉ុណ្ណោះទេ ហើយវាក៏ថែមទាំង មានឥទ្ធិពលជាវិជ្ជមានយ៉ាងទូលំទូលាយនិងយ៉ាងជ្រាលជ្រៅដល់ការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិផងដែរ។

តំណាងសិក្ខាកាមដែលបានចូលរួមនៅក្នុងវគ្គសិក្សានេះ លោក តន់ សុវណ្ណឧត្តម នាយកសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចូលរួមអបអរសាទរជាមួយនិងសមាជបក្សកុម្មុយនិស្តចិនលើកទី២០ ហើយមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងចិននឹងបង្កើនល្បឿននៃការអភិវឌ្ឍសកល និងចូលរួមចំណែកថែរក្សាសុខសន្តិភាព ព្រមទាំងការកសាងបាននូវសហគមន៍ជោគវាសនារួមមនុស្សជាតិក្រោមកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងយន្តការពហុភាគីនិយម៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

