ឯកឧត្តម សុខ លូ ណែនាំដល់ក្រុមការងារ ក.ប.ប ខេត្តបាត់ដំបង ចុះពិនិត្យចំណី ម្ហូបអាហារតាមតូបលក់ទំនិញនានា ក្នុងឱកាសបុណ្យអុំទូក

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់ក្រុមការងារ នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) ខេត្តបាត់ដំបង ដើម្បីរៀបចំរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ធ្វើការចុះពិនិត្យចំណី ម្ហូបអាហារតាមតូបលក់ ទំនិញនានា ក្នុងឱកាសពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ។
ក្នុងនោះដែរក្រុមការងារ ក.ប.ប បានធ្វើការត្រួតពិនិត្យមើលណែមសាច់ត្រី គ្រឿងសមុទ្រ សរសៃគុយទាវ (ទាំងសរសៃតូច និងសរសៃធំ) មី ប្រហិតចម្រុះ ចំនួន១៩គំរូ ជាលទ្ធផលគឺពុំបានរកឃើញសារធាតុគីមី ហាមឃាត់នោះទេ ។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា គោលបំណងនៃការចុះត្រួតពិនិត្យចំណី ម្ហូបអាហារនៅតាមស្ដង់លក់ទំនិញ ដែលធ្វើការលក់នាឱកាសបុណ្យអុំទូក និងបណ្ដែតប្រទីប ខេត្តបាត់ដំបង នាពេលនេះ គឺដើម្បីធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែល មកលេងកំសាន្ត ក្នុងការពិសារដោយមិនមានការព្រួយបារម្ភពីសារធាតុគីមី ឬពុលដែលមាននៅក្នុង ចំណីអាហារឡើយ៕

