ឯកឧត្តម តូច ចាន់នី ចុះពិនិត្យគម្រោងផែនការសកម្មភាព និងជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា ស្តីពីកិច្ចសហការការងារ រវាងក្រសួងសង្គមកិច្ច ជាមួយនឹងអង្គការមូលនិធិកុមារកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានចុះពិនិត្យគម្រោងផែនការសកម្មភាព និងជួបពិភាក្សាការងារជាមួយលោក ស្កុត នីសិន នាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា ស្តីពីកិច្ចសហការការងារ រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងអង្គការមូលនិធិកុមារកម្ពុជា
មានការចូលរួមអមដំណើរដោយ លោក លោកស្រី ដែលជាប្រធាន អនុប្រធាននាយកដ្ឋានកិច្ចការពារកុមារ នាយកដ្ឋានគាំពារជនរងគ្រោះ នាយកដ្ឋានកិច្ចការគ្រួសារ និងនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន។
ឯកឧត្តម អគ្គនាយក បានពិនិត្យ និងវាយតម្លៃខ្ពស់ អំពីការខិតខំរបស់អង្គការ ស្របតាមចក្ខុវិស័យ និងបានផ្តល់សេវាជួយ ដល់ជនងាយរងគ្រោះនិងងាយរងគ្រោះ ផ្តល់សេវាដល់មនុស្សចាស់ក្នុងសហគមន៍ បានអប់រំ និងផ្តល់ការបណ្តុះបណ្តាលបំណិនជិវិត ដល់គ្រួសារក្រីក្រ ព្រមទាំងយកចិត្តទុកដាក់ លើកុមារនៅតំបន់គំនរសំរាម ឱ្យប្រែក្លាយកុមារទាំងអស់នោះទទួលបានការរៀនសូត្រនៅសហគមន៍ ជាពិសេសនៅសាលារដ្ឋ និងសេវាផ្សេងៗទៀត៕

