ប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍លើគោលនយោ បាយគាំពារសង្គមទាក់ទងនឹងមនុស្សវ័យចាស់ នៅវៀតណាម

ភ្នំពេញ៖ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាបានដឹកនាំប្រតិភូកម្ពុជាទៅធ្វើទស្សនកិច្ចសិក្សា និង ផ្លាស់ប្តូរបទពិសោធន៍លើការងារ គាំពារសង្គមសម្រាប់មនុស្សវ័យចាស់នៅប្រទេសវៀតណាម រយៈពេល០៣ថ្ងៃ (ថ្ងៃទី២០-២២ ខែកញ្ញា ឆ្នាំ២០២២)។
ប្រតិភូកម្ពុជាបានជួ បប្រជុំ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយសមភាគីវៀតណាម រួមមាន៖(១) អនុរដ្ឋមន្ត្រី ក្រសួងការងារ អតីតយុទ្ធជន និង សង្គមកិច្ច និង សហការី (២) សមាគមន៍មនុស្ស ចាស់វៀតណាមថ្នាក់មជ្ឈឹម (៣) សមាគមន៍មនុស្ស ចាស់វៀតណាមថ្នាក់ខេត្ត ថ្នាក់ស្រុក (៤) ក្លឹបក្រុមជួយខ្លួនឯងអន្តរជំនាន់របស់មនុស្សវ័យចាស់ និង (៥)មជ្ឈមណ្ឌលគាំពារសង្គមក្រុងហាណូយ និង បានជួបប្រជុំជាមួយអ្នកឯកទេសជាន់ខ្ពស់ UNDP UNFPA និង អង្គការHelpAge នៃអង្គការសហប្រជាតិប្រចាំទីក្រុងហាណូយផងដែរ។
ជាលទ្ធផល ប្រតិភូកម្ពុជា និង សមភាគីវៀតណាមបានចែករំលែកនូវបទពិសោធន៍លើកការងារគាំពារសង្គមសម្រាប់មនុស្សវ័យចាស់ បង្ហាញលម្អិតអំពីគម្រូនៃការរៀបចំបង្កើត និងការប្រព្រឹត្តិទៅរបស់ក្លឹបក្រុមជួយខ្លួនឯងអន្តរជំនាន់របស់មនុស្សវ័យចាស់ ដោយចុះទៅធ្វើទស្សកិច្ចដល់ទីកន្លែងផ្ទាល់ និង បានឯកភាពគ្នាធ្វើការផ្តល់នូវឯកសារគំរូបច្ចេកទេស និង សិក្សាលទ្ធភាពបន្តកិច្ចសហប្រតិបត្តិអនុវត្តកម្មវិធី បន្តពង្រឹង និង ពង្រីកចំណងមិត្តភាពរវាងក្រសួងទាំងពីរអោយកាន់តែជិតស្និទបន្ថែមទៀតក្នុងនាមប្រទេសជិតខាង និង ជាមិត្តល្អនឹងគ្នា។
សូមបញ្ជាក់ថា សមាសភាពប្រតិភូពីកម្ពុជាមានវត្តមានរបស់ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គម លោក គុណ ជាស៊ីន ប្រធាននាយកដ្ឋានមនុស្សចាស់ និង អតីតយុទ្ធជន ឯកឧត្តម នួម សុខុន មកពីមូលនិធិជាតិជំនួយសង្គម តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា រាជធានី ខេត្តចំនួន០៨ តំណាងបណ្តាញមនុស្សចាស់រាជធានីភ្នំពេញ មន្ត្រីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការHelpAge និង អង្គការOxfam សរុប២៦រូបបានចូលរួមកម្មវិធីទស្សនកិច្ចសិក្សា និង ផ្លាស់ប្តូរបទពិសោធន៍ ។
ប្រទេសកម្ពុជាមានមនុស្សវ័យចាស់អាយុ៦០ឆ្នាំឡើងប្រមាណជិត១.៤លាននាក់ ស្មើនឹង៨.៩% នៃប្រជាជនសរុប ដែលចំនួនមនុស្សវ័យចាស់នឹងមានការកើនឡើងដល់១.៩លាននាក់ស្នើនឹង១១ភាគរយនៃប្រជាជនសរុប ត្រឹមឆ្នាំ២០៣០ ។ ការព្យាករណ៍នេះបានបង្ហាញអំពីនិន្នាការនៃការធ្លាក់ចុះនូវចំនួនមនុស្សដែលមានអាយុពេញកំលាំងបំពេញការងារ និង មានតម្រូវការនៃការយកចិត្តទុកដាក់លើសេវាថែទាំសុខុមាលភាពរបស់មនុស្សចាស់បន្ថែមទៀត។ ការថែទាំគាំពារ និង ការគោរពប្រតិបត្តិមនុស្សវ័យចាស់គឺជាវប្បធម៌ដ៏ល្អផូរផង់របស់សង្គមកម្ពុជាដែលកើតមានជាយូរលង់មកហើយ។
នៅក្នុងស្មារតីនេះ ការគាំពារ និង ធានាបាននូវគុណភាពជីវិតរបស់មនុស្សវ័យចាស់គឺជាយុទ្ធសាស្ត្រជាអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងរាជរដ្ឋាភិបាលបានបង្កើតនូវកម្មវិធីជាតិស្តីពីមនុស្សវ័យចាស់ ២០១៧ -២០៣០ និង ផែនការសកម្ម- ភាព ជាតិ២០២១-២០២៥ ក្នុងការធានានូវការលើកកម្ពស់នូវសុខុមាលភាព និង តម្រូវការរបស់ មនុស្សវ័យចាស់។
ព្រមជាមួយគ្នានេះ យុទ្ធសាស្ត្រជាតិគាំពារសង្គម ២០១៦-២០២៥ ក៏មានបញ្ចូលអំពីតម្រូវការរបស់ជនងាយរងគ្រោះ ពិសេសមនុស្សវ័យចាស់មកពីគ្រួសារក្រីក្រ។ រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារដែលមានបណ្ណក្រីក្រ ដែលរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ១៩ និង ផ្តល់ប្រាក់របបសន្តិសុខសង្គមដល់និវត្តជនដែលជាអតិតយុទ្ធជន និង មន្ត្រីរាជការស៊ីវិល ដែលបានគ្របដណ្តប់ប្រមាណជាង៣០% នៃមនុស្សមានវ័យចាស់ទាំងអស់។
ព្រមជាមួយគ្នានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាក៏បានសហការជាមួយអាជ្ញាឃុំ-សង្កាត់រៀបចំសមាគមន៍មនុស្សចាស់នៅថ្នាក់ឃុំ-សង្កាត់មានប្រមាណជាង១,៦៤៦សមាគមន៍ និង ការចងក្រងសមាគន៍មនុស្សចាស់នៅថ្នាក់ភូមិមានប្រមាណ ២៣៤សមាគមន៍នៅ៨រាជធានី-ខេត្តក្រោមការឧបត្ថម្ភគាំទ្រពីអង្គការHelpAgeកម្ពុជា ៕

