អភិបាលខេត្តបាត់ដំបង កោតសរសើរកងកម្លាំងការពារព្រំដែនក្នុងភូមិសាស្រ្ដខេត្ត ដែលខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារព្រំដែន

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការកោតសរសើរកងកម្លាំងការពារព្រំដែនក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី។
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃស្រុកចំនួន០៤ រួមមាន ៖ កងពលតូចថ្មើរជើងលេខ៥២ ស្រុករតនមណ្ឌល, វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត, កងការពារព្រំដែនលេខ ៥០២ ស្រុកសំឡូត, វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ស្រុកសំឡូត, កងពលតូចថ្មើជើងលេខ៥៣ ស្រុកកំរៀង, វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ស្រុកកំរៀង, វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន ។
ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ ដែលជានិច្ចជាកាល សម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាពដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន ។

ឯកឧត្តម បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់កងកម្លាំងការពារព្រំដែនក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី និងជាពិសេស មិនត្រឹមតែមានភារកិច្ចការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការ ការពារសុខសន្ដិភាពជូនប្រជាពលរដ្ឋ ការពារការលួចឆ្លងដែនខុសច្បាប់ជាដើម ហើយកងកម្លាំងក៏បានចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺសកលលោក គឺជំងឺកូវីដ-១៩ ដោយបានចូលរួមចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមាន ការយល់ដឹងអំពីជំងឺដ៏កាចសាហាវមួយនេះជាដើម ។
ឯកឧត្តម បានបញ្ជាក់បន្តទៀតថា ក្នុងកំឡុងពេលថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាមួយក្នុងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងក្របខណ្ឌទូទាំងប្រទេស ដូចនេះសូមលោកអភិបាលរងខេត្តដែលទទួលបន្ទុកតាមក្រុង ស្រុក លោកអភិបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវចូលរួមអនុវត្តអនុវត្តតាមបទបញ្ជារបស់សម្ដេច ក្នុងការចុះបង្រ្កាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅមូលដ្ឋានរបស់ខ្លួន ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹង និងបញ្ឈប់ជាបន្ទាន់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ហើយចាប់ពីពេលនេះទៅ គឺមិនត្រូវឱ្យមានល្បែងស៊ីសងណាមួយនៅលើទឹកដីខេត្តបាត់ដំបងឡើយ ។
ក្នុងនោះឯកឧត្តម បានបន្តទៀតណែនាំដល់កងកម្លាំងបន្តខិតខំពង្រឹងវិន័យរបស់ខ្លួន បន្តបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេសបញ្ហាគ្រឿងញៀនយើងត្រូវទប់ស្កាត់ និងលុបបំបាត់ឱ្យខានតែបាន ជាពិសេសនៅតាមបណ្ដោយព្រំដែននេះអាចនឹងមានការលួចលាក់នាំចូល នាំចេញនូវសារធាតុញៀន ឬគ្រឿងញៀនគ្រប់ប្រភេទ តាមព្រំដែននេះតែម្ដង ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ ក៏បាននាំយកអំណោយរបស់រដ្ឋបាលខេត្តបាត់ដំបង មួយចំនួនដូចជា៖ -ភេសជ្ជៈចំនួន៣០កេស -ទឹកសុទ្ធ៥០កេស -នំអន្សមជ្រូក១ស្លឹក -សាច់ជ្រូកស្រស់ ៦០គីឡូក្រាម-បន្លែស្រស់៥០គីឡូក្រាម-ម៉ាស់២០ប្រអប់ -អាកុល៦០លីត្រ -និងថវិកា៦លានរៀល
ដើម្បីធ្វើការចែកជូនដល់កងកម្លាំងដែលការពារនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ៕

