គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦។
គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏ដូចជាសម្តេចរដ្ឋសភាធិបតី បានសម្តែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាពញាចក្រី ដែលស្ទើរតែពេញមួយជន្មាយុរបស់សម្តេច បានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន។
គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក តាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជាពិសេសសូមសម្តេចទាំងទ្វេ សមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

