សហរដ្ឋអាមេរិក បោះឆ្នោតវេតូប្រឆាំងនឹងសេចក្ដីព្រាងដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារ ឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្កាហ្សា

UN៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា បានបោះឆ្នោតវេតូប្រឆាំងនឹងសេចក្ដីព្រាងដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារ ឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្កាហ្សា ហើយឱ្យអ៉ីស្រាអែលលុបចោលការរឹតត្បិតទាំងឡាយលើការបញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា។
សេចក្ដីព្រាងដំណោះស្រាយខាងលើដែលត្រូវបានព្រាងឡើងដោយសមាជិកចំនួន១០ ក្នុងចំណោមសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ ក៏នឹងទាមទារផងដែរឱ្យក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធ ផ្សេងទៀតក្នុងតំបន់ហ្កាហ្សា ដោះលែងចំណាប់ខ្មាំងជាបន្ទាន់ ប្រកបដោយភាពថ្លៃថ្នូរ និងដោយគ្មានលក្ខខណ្ឌ។ សេចក្ដីព្រាងដំណោះស្រាយនេះទៀតសោតទទួលបានការបោះឆ្នោតគាំទ្រពីសមាជិក ក្រុមប្រឹក្សាសន្តិសុខចំនួន១៤ លើកលែងតែសហរដ្ឋអាមេរិកមួយគត់ដែលបានបោះឆ្នោតវេតូ។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅមុនការបោះឆ្នោតចាប់ផ្ដើម ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Christina Markus Lassen បានលើកឡើងថា «គ្រោះទុរភិក្សពិតជា កំពុងកើតឡើងពិតមែននៅក្នុងតំបន់ហ្កាហ្សា។ ព្រមពេលជាមួយគ្នា អ៉ីស្រាអែលបានពង្រីកប្រតិបត្តិការយោធារបស់ខ្លួនក្នុងទីក្រុងហ្កាហ្សាដែលនេះនឹងកាន់តែធ្វើឱ្យជនស៊ីវិលរងការឈឺចាប់។ ជាលទ្ធផល នេះជាស្ថានការណ៍មហន្តរាយ នេះជាបរាជ័យមនុស្សធម៌ និងមនុស្សជាតិដែលតម្រូវឱ្យពួកយើងត្រូវធ្វើសកម្មភាពនៅថ្ងៃនេះ»។
តែទោះជាយ៉ាងក៏ដោយ មន្ត្រីការទូតអាមេរិក លោកស្រី Morgan Ortagus បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា «ក្រុមហាម៉ាសគឺជាអ្នកទទួលខុសត្រូវចំពោះការចាប់ផ្ដើម និងការបន្តសង្រ្គាមនេះ។ អ៉ីស្រាអែលបានទទួលយកលក្ខខណ្ឌដែលនឹងបិទបញ្ចប់សង្រ្គាម តែហាម៉ាសនៅតែបន្តបដិសេធ។ សង្រ្គាមនេះអាចនឹងបញ្ចប់នៅថ្ងៃនេះ ប្រសិនបើហាម៉ាសដោះលែងចំណាប់ខ្មាំងទាំងអស់ ហើយទម្លាក់អាវុធចុះចាញ់។
គួរបញ្ជាក់ថា នេះគឺជាលើកទី៦ដែលសហរដ្ឋអាមេរិកបោះឆ្នោតវេតូជុំវិញដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងសង្រ្គាមជិត២ឆ្នាំមកនេះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស៕

