អាម៉េរិក ដាក់សម្ញែងប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់ខ្លួននៅលើទឹកដីជប៉ុន ជាសាធារណៈ និងជាលើកដំបូង

តូក្យូ៖ សហរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទទី១៥កញ្ញា បានដាក់សម្ញែងប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់ខ្លួននៅលើទឹកដីជប៉ុន ជាសាធារណៈ និងជាលើកដំបូង ដោយបានគូសបញ្ជាក់ពីឆន្ទៈកាន់តែខ្លាំងឡើងរបស់សម្ព័ន្ធមិត្តទាំង២ ចំពោះអាវុធដែលរដ្ឋធានីប៉េកាំងធ្លាប់បានថ្កោលទោសវត្តមានរបស់វាថា អស្ថិរភាព។
ប្រព័ន្ធបាញ់មីស៊ីល ដែលមានសមត្ថភាពបាញ់មីស៊ីល Tomahawk និងអាចវាយប្រហារតំបន់សមុទ្ទភាគខាងកើតរបស់ចិន ឬផ្នែកខ្លះនៃរុស្ស៊ីពីប្រទេសជប៉ុន នឹងបង្ហាញខ្លួនក្នុងសមយុទ្ធ Resolute Dragon ប្រចាំឆ្នាំ។ សមយុទ្ធរយៈពេលពីរសប្តាហ៍នេះ មានវត្តមានទាហានជប៉ុន និងអាម៉េរិកចំនួន២ម៉ឺននាក់ រួមជាមួយនឹងនាវាចម្បាំង និងមីស៊ីល។
លោកវរសេនីយ៍ឯក វ៉ាដ ជើមែន មេបញ្ជាការនៃក្រុមការងារដែលប្រតិបត្តិការប្រព័ន្ធមីស៊ីល បានលើកឡើងថា ប្រព័ន្ធមីស៊ីលនេះ អាចបង្កើតភាពលំបាកជាយុទ្ធសាស្ត្រសម្រាប់សត្រូវ ដោយសារសមត្ថភាពដាក់ពង្រាយយ៉ាងឆាប់រហ័សរបស់វា ដោយបន្ថែមថា វានឹងត្រូវដកចេញពីប្រទេសជប៉ុនវិញ បន្ទាប់ពីសមយុទ្ធ Resolute Dragon។
ការដាក់បង្ហាញប្រព័ន្ធមីស៊ីល Typhon នៅភាគខាងលិចប្រទេសជប៉ុន កើតឡើងបន្ទាប់ពីការដាក់ពង្រាយវាទៅកាន់ប្រទេសហ្វីលីពីនក្នុងខែមេសា ឆ្នាំ២០២៤ ដោយប្រឈមមុខនឹងការរិះគន់ពីរដ្ឋធានីប៉េកាំង និងមូស្គូ ដែលបានចោទប្រកាន់សហរដ្ឋអាម៉េរិកពីបទបញ្ឆេះការរត់ប្រណាំងសព្វាវុធ។
ក្រុមអ្នកវិភាគយោធា បានឱ្យដឹងថា សហរដ្ឋអាម៉េរិក ក៏បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំនេះ ប៉ុន្តែវត្តមានរបស់ប្រព័ន្ធមីស៊ីល ខិតកាន់តែជិតប្រទេសចិន បើប្រៀបធៀបទៅនឹងការដាក់ពង្រាយកាលពីមុន អាចនឹងនាំមកនូវការឆ្លើយតបខ្លាំងក្លាជាងនេះ។
គួរបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Typhon អាចបាញ់មីស៊ីល SM-6 ដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារនាវា ឬយន្តហោះនៅចម្ងាយលើសពី២០០គីឡូម៉ែត្រ។ ជប៉ុនកំពុងបង្កើនការចំណាយខាងយោធា ដោយកំពុងទិញមីស៊ីល Tomahawk សម្រាប់នាវាចម្បាំងរបស់ខ្លួន និងអភិវឌ្ឍមីស៊ីលរយៈចម្ងាយមធ្យម ជាផ្នែកមួយនៃការពង្រឹងយោធាដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ៕

