សម្តេចធិបតី៖ យុវជនបច្ចុប្បន្នមានឱកាសច្រើនក្នុងការសិក្សារៀនសូត្រ បើប្រៀបធៀបទៅសម័យមុនដែលកម្ពុជាទើបងើបពីសង្គ្រាម

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា យុវជនបច្ចុប្បន្នមានឱកាសច្រើនក្នុងការសិក្សារៀនសូត្រ បើប្រៀបធៀបទៅសម័យមុនដែលកម្ពុជាទើបងើបពីសង្គ្រាម។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះសម្តេចធិបតី ហ៊ុន ម៉ាណែតបាន ថ្លែងថា ដូច្នេះសូមកុំឱ្យការភ័យខ្លាចតាមរយៈទទួលបានព័ត៌មានមិនពិតណាមួយធ្វើឱ្យបាត់បង់ឱកាសក្នុងការសិក្សារៀនសូត្រ។ប៉ុន្ដែបែរមកចាប់យកការភ័យខ្លាចជាកម្លាំងចិត្ត និងមានមោទនភាពចំពោះខ្លួនឯងដែលកើតជាកូនខ្មែរហើយខិតខំសិក្សារៀនសូត្រមិនឱ្យចាញ់ប្រទេសដទៃឡើយ។
ជាមួយគ្នានេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានផ្ដល់អនុសាសន៍ដល់និស្សិត ក្នុងការប្រកបការងារ គឺតម្រូវការដែលយើងជួប និងបទពិសោធន៍ដែលយើងជួប គឺទាមទារឱ្យយើងដោះស្រាយ។ ដូច្នេះទន្ទឹមនឹងការកសាងសមត្ថភាព គឺត្រូវមានផ្នត់គំនិតវិជ្ជមាន ដើម្បីឈានទៅទទួលបានជោគជ័យ ជាពិសេសនៅក្នុងការងារត្រូវប្រកាន់ទស្សនវិជ្ជមាន នឹងព្យាយាមដោះស្រាយបញ្ហាដែលយើងជួបប្រទះ៕

