ថៃនឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ច៣,៥ ភាគរយនៅឆ្នាំនេះ

បាងកក៖ នៅថ្ងៃអង្គារទី១៨កុម្ភៈនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ បាននិយាយថា រាជរដ្ឋាភិបាលថៃនឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ច៣,៥ ភាគរយនៅឆ្នាំនេះ ហើយនឹងព្យាយាមធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយធនាគារកណ្តាល ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូច។
លោកស្រីនាយករដ្ឋមន្ត្រី និយាយថា ធនាគារពាណិជ្ជមានផលចំណេញ ប៉ុន្តែការផ្ដល់ប្រាក់កម្ចីដល់អាជីវកម្មខ្នាតតូចនៅតែមានកម្រិតទាប។ ការជំរុញលទ្ធភាពទទួលបានឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម នឹងជួយដល់សេដ្ឋកិច្ច។
លោកស្រីបន្តថា រាជរដ្ឋាភិបាលនឹងពិភាក្សាជាមួយធនាគារកណ្តាល ដើម្បីដោះស្រាយបញ្ហានេះ។ ការអត្ថាធិប្បាយរបស់លោកស្រី ផែថងថាន កើតឡើងបន្ទាប់ពីកំណើនផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី៤របស់ប្រទេសថៃសម្រេចបាន៣,២ភាគរយ មិនស្របតាមការព្យាករដែលមានរហូតដល់៣,៩ភាគរយ ប៉ុន្តែនៅតែជាអត្រាប្រចាំឆ្នាំខ្លាំងបំផុតក្នុងរយៈពេល៩ត្រីមាស។
លោកស្រី ផែថងថាន ឱ្យដឹងបន្តថា សេដ្ឋកិច្ចបានកើនឡើងស្ទើរតែគ្រប់វិមាត្រនៅក្នុងត្រីមាសទី៤ ប៉ុន្តែលើកលែងការវិនិយោគឯកជន ដោយបន្ថែមថា ការវិនិយោគបន្ថែមទៀតត្រូវបានជំរុញ។ ប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ បានជួបប្រទះនឹងភាពយឺតយ៉ាវធៀបនឹងដៃគូក្នុងតំបន់ ដោយសារបញ្ហាបំណុលគ្រួសារ និងថ្លៃដើមកម្ចីខ្ពស់ និងតម្រូវការធ្លាក់ចុះពីប្រទេសចិន ជាទីផ្សារទេសចរណ៍ដ៏សំខាន់ផងដែរ។
លោកស្រីបានសង្កត់ធ្ងន់ថា៖«ការព្យាករកំណើនរបស់រដ្ឋាភិបាល គឺ៣ភាគរយ ហើយយើងកំពុងជំរុញឱ្យទៅ៣,៥ភាគរយ។ យើង អាច ឈាន ដល់ គោលដៅ នោះ ហើយ នៅ ប៉ុន្មាន ខែ ទៀត យើង នឹង ជំរុញបន្ថែមទៀត »៕

