ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស៖ ចាត់ទុក ធនធានមនុស្ស គឺជាឆ្អឹងខ្នងរបស់អង្គភាព
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែ របស់នាយកដ្ឋានរដ្ឋបាលនិងគ្រប់គ្រងធនធានមនុស្ស ដើម្បីពិនិត្យមើលនូវបញ្ហាប្រឈមនានាក្នុងកំឡុងពេលអនុវត្តការងារកន្លងមក ព្រមទាំងដោះស្រាយបញ្ហាមួយចំនួនជូនដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិករបស់នាយកដ្ឋានមួយនេះក្នុងន័យរួមចំណែកក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់ជូនអង្គភាព។
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានលើកឡើងថា៖ «ធនធានមនុស្ស គឺជាឆ្អឹងខ្នងរបស់អង្គភាព» នៅក្នុងការផ្តល់សេវា ប្រកបដោយគុណភាព ប្រសិទ្ធភាព និង ទាន់ពេលវេលា ក្នុងការបម្រើសេវា ជូនសមាជិក ប.ស.ស. ក៏ដូចជាប្រជាពលរដ្ឋ ដូច្នេះនាយកដ្ឋានរដ្ឋបាលនិងគ្រប់គ្រងធនធានមនុស្ស មានភារកិច្ចសំខាន់ណាស់ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលផ្សេងៗ ការអនុវត្តបទបញ្ជាផ្ទៃក្នុង ការគ្រប់គ្រងលើពេលវេលាធ្វើការ ជាពិសេសត្រូវត្រួតពិនិត្យ និងរក្សាសណ្ដាប់ធ្នាប់ការចេញ-ចូលរបស់បុគ្គលិក ប.ស.ស. និងភ្ញៀវ តាមរយៈការផ្ដល់ និងត្រួតពិនិត្យប័ណ្ណសម្គាល់ខ្លួន។នេះជាការគូសរំលេចរបស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែ របស់នាយកដ្ឋានរដ្ឋបាលនិងគ្រប់គ្រងធនធានមនុស្ស។
ក្នុងឱកាសនោះផងដែរ៖ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ពុះពាររាល់ការលំបាកក្នុងការបំពេញការងារបម្រើស្ថាប័នរហូតស្តែងឡើងនូវផ្លែផ្កាគួរឱ្យកត់សំគាល់នាពេលកន្លងមកនេះ ។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិតអគ្គនាយករងក៏បានលើកទឹកទឹកចិត្តដល់
មន្ត្រីបុគ្គលឹកទាំងអស់ផងដែរឱ្យបន្តប្រពៃណីក្នុងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ដ៏ល្អរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយធ្វើយ៉ាងណាសំដៅបំពេញកិច្ចការដែលត្រូវអនុវត្តកាន់តែមានប្រសិទ្ធភាព ទទួលបាននូវលទ្ធផលកាន់តែខ្ពស់និងប្រសើរឡើងជាលំដាប់។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋានរដ្ឋបាលនិងគ្រប់គ្រងធនធានមនុស្ស នៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក សរុបប្រមាណជា៣០រូប ៕