ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ លើមធ្យោបាយធ្វើដំណើរ របស់បងប្អូនកម្មករនិយោជិតគឺជារឿងសំខាន់ និងចាំបាច់បំផុត ដែលយើងត្រូវធ្វើរួមគ្នា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា” នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តមបានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍បានបន្សល់ទុក នូវសោកនាដកម្មដ៏រន្ធត់ ដែលជាផលប៉ះពាល់ដល់សុខុមាលភាព សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ហើយចំពោះបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនេះ មិនអាចឱ្យក្រសួង ស្ថាប័ន ឬផ្នែកណាមួយធ្វើការទប់ស្កាត់ កាត់បន្ថយ ឬលុបបំបាត់តែឯងបានឡើយ ដែលនេះគឺជាបញ្ហារួម ដែលយើងទាំងអស់គ្នាត្រូវធ្វើរួមគ្នា។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបញ្ជាក់ទៀតថា ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ លើមធ្យោបាយធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត តាមរយៈការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករនិយោជិត វាគឺជារឿងសំខាន់ និងចាំបាច់បំផុត ដែលទាំង ប.ស.ស. ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើន ត្រូវបង្កើនកិច្ចសហការរវាងគ្នា ក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំតាមគ្រប់រូបភាព ជូនដល់កម្មករនិយោជិត និងអ្នកបើកបរយានយន្ដដឹកកម្មករនិយោជិត ធ្វើយ៉ាងណាឱ្យបងប្អូនកម្មករនិយោជិត ក៏ដូចជាអ្នកបើកបរយានយន្ដដឹកកម្មករនិយោជិតទាំងអស់បានយល់ដឹងច្បាស់ស្តីពីច្បាប់ចរាចរណ៍ ពិសេសគឺសុវត្ថិភាពក្នុងការធ្វើដំណើរ ក្នុងន័យកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនូវកម្រិតទាបបំផុត។
ជាមួយគ្នានេះផងដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងកិច្ចសហការរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា (AIP) ដែលបានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត និងចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យស្ថិតនៅកម្រិតទាប និងស្នើឱ្យអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា (AIP) សិក្សាឈ្វែងយល់ និងដកស្រង់បទពិសោធន៍អំពីរថយន្តដឹកកម្មករនិយោជិត ដែលមានផាសុខភាព និងសុវត្ថិភាព ក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីអាចកំណត់យកជម្រើសណាមួយពីបណ្តាប្រទេសទាំងនោះ មករៀបចំរថយន្តដឹកកម្មករនិយោជិតនៅកម្ពុជាឱ្យកាន់តែមានផាសុខភាព និងសុវត្ថិភាព ជាងមុន។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា (AIP) បានបញ្ជាក់ថា អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានធ្វើការសហការជាមួយ ប.ស.ស. តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ក្នុងការចូលរួមបង្កើន និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់បងប្អូនកម្មករនិយោជិត។ ជាមួយគ្នានេះ លោក ក៏បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហការរបស់ ប.ស.ស. កន្លងមក ក្នុងកិច្ចខិតខំសង្គ្រោះជីវិត មនុស្សពីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសគឺបងប្អូនកម្មករនិយោជិតបានយល់យល់ដឹងកាន់តែច្បាស់ស្តីពីសុវត្ថិភាពក្នុងការធ្វើដំណើរ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនូវកម្រិតទាបបំផុត។
សូមបញ្ជាក់ថា វគ្គសិក្ខាសាលាខាងលើ ប្រព្រឹត្តទៅ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដែលរៀបចំដោយអង្គការមូលនិធិបង្ការរបួសអាស៊ីកម្ពុជា (AIP) ដែលមានវត្តមានចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងអង្គភាពដៃគូពាក់ព័ន្ធនានា ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom meeting សរុបប្រមាណជាង ៤០០នាក់៕