សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមបុណ្យសពពលរដ្ឋ ៧នាក់ ដែលស្លាប់ក្នុងករណីក្រឡាប់រថយន្ត នៅភ្នំគូលេន
ភ្នំពេញ៖ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពប្រជាពលរដ្ឋចំនួន ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅចំនុចផ្លូវឡើងភ្នំគូលេន ផ្នែកខាងតើតស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។
សូមជម្រាបថា ពលរដ្ឋទាំង៧នាក់ដែលបានស្លាប់៧នាក់ ជាពលរដ្ឋរស់នៅក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បច្ចុប្បន្នកំពុងធ្វើបុណ្យតាមប្រពៃណី នៅវត្តរោងគោ ស្រុកក្រឡាញ់ ហើយអំណោយមនុស្សធម៌ដែលបានប្រគល់រួមមាន៖ អង្ករ មុង ភួយ សារុង ក្រមា ត្រីខ ទឹកស៊ីអ៊ីវ មី និងថវិកាមួយចំនួនទៀត។
ក្នុងឱកាសនោះដែរ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានសម្ដែងនូវការសោកស្ដាយចំពោះបងប្អូនគ្រួសារនៃសពទាំងអស់ ដែលបានបាត់បង់នូវសមាជិកគ្រួសារ និងមេគ្រួសារដែលជាបង្គោលដ៏រឹងមាំ។
លោកជំទាវ ក៏បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់លោកជំទាវ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកនាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យ និងសូមចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពផង។
ជាមួយគ្នានោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងគិតគូខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋ ពិសេសជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ៕