ឯកឧត្តម ម៉ុក ម៉ារ៉េត អញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តធម្មនិមិត្តអង្គប្រីយ៍ ស្រុកសំរោង វត្តត្រពាំងធំ និងវត្តជ្រោះតូច នៅស្រុកត្រាំកក់
ភ្នំពេញ៖ ដើម្បីជួយផ្គត់ផ្គង់ទំនុកបំរុងដល់ព្រះសង្ឃ និងរួមចំណែកថែរក្សាពិធីបុណ្យប្រពៃណីជាតិ ដែលមានតាំងពីបុរាណកាលមកឲ្យបានស្ថិតស្ថេរគង់វង្សនោះ ក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ព្រមទាំងក្រុមគ្រួសារ រួមនឹងពុទ្ធបរិស័ទជាច្រើនទៀត បានអញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តធម្មនិមិត្តអង្គប្រីយ៍ ឃុំលំចង់ ស្រុកសំរោង វត្តត្រពាំងធំ និងវត្តជ្រោះតូច ស្ថិតនៅឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជនប្រារព្ធឡើងក្នុងគោលបំណងដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃក្នុងរដូវវស្សាពីព្រោះរដូវនេះមានភ្លៀងធ្លាក់បង្កឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។ ម្យ៉ាងទៀតក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជនរបស់ពួកគាត់ឲ្យបានទៅកាន់សុគតិភពផងដែរ។
ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តធម្មនិមិត្តអង្គប្រីយ៍ វត្តត្រពាំងធំ និងវត្តជ្រោះ នេះឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត ព្រមទាំងក្រុមគ្រួសាររួមនឹងពុទ្ធបរិស័ទទាំងអស់ បាននាំយកចង្ហាន់ទេយ្យទានផ្សេងៗទៅវេរប្រគេនដល់ព្រះសង្ឃ ក្នុងវត្តនេះដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានលាចាកទៅកាន់ លោកខាងមុខក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់ បានមកទទួលយកកុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនាដែលជាសាសនា របស់រដ្ឋព្រមទាំងបានធ្វើកិច្ចបែបសាសនាស្របតាមទំនៀម ទម្លាប់នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះផងដែរ ៕
