បទអត្ថាធិប្បាយ៖ ជំនន់ទឹកភ្លៀងប្រឈមជាងឆ្នាំមុន សូមបង្កើនការប្រុងប្រយ័ត្ន !
អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន ថា ស្ថានភាពជំនន់ទឹកភ្លៀងនៅឆ្នាំ២០២២នេះ ប្រឈមជាងឆ្នាំ២០២១ ហើយរបាយទឹកភ្លៀងក៏បានច្រើនជាងឆ្នាំមុនដែរ ដែលទាមទារឲ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។
យ៉ាងណាក៏ដោយ គិតត្រឹមព្រឹកថ្ងៃទី១៦ សីហា ក្នុងក្របខណ្ឌទូទាំងប្រទេស ពុំទាន់មានអ្វីធ្ងន់ធ្ងរនៅឡើយទេ គ្រាន់តែ នៅតាមស្ទឹង អូរ មួយចំនួន ទឹកបានពេញប្រៀបរួចហើយ ដូច្នេះ បើបន្តធ្លាក់ភ្លៀងទៀត នឹងហួរហៀរ អាចប្រឈមខ្លាំង។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម៖ «គ្រាន់តែចង់បញ្ជាក់ជូនថា មកដល់ពេលនេះ បើនិយាយថា ក្នុងក្របខណ្ឌទូទាំងប្រទេស វាមិនទាន់មានអ្វីដែលធ្ងន់ធ្ងរនៅឡើយទេ បាទ អញ្ចឹង តែស្ថានភាពភ្លៀង វានៅតែបន្តធ្លាក់បន្ថែមទៀត ស្របពេលដែលស្ទឹង អូរ របស់យើងមួយចំនួន វាមានស្ថានភាពពេញស្រេចរួចទៅហើយ បានន័យថា វាពេញ អញ្ចឹង បើបន្ថែមទៀត (ភ្លៀង) អាចហៀរ ក្នុងន័យអញ្ចឹង ហើយតាមការព្យាករណ៍ យើងពិនិត្យឃើញថា ភ្លៀងនឹងបន្តធ្លាក់ ជាពិសេស គឺនៅតំបន់ខ្ពង់រាប អញ្ចឹងហើយបានជាក្រសួងមានការជូនដំណឹង ឬក៏ការអំពាវនាវបន្ថែម ឲ្យបងប្អូនយើងប្រុងប្រយ័ត្ន ជាពិសេស ទាក់ទងជាមួយនឹងស្ថានភាពជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្ត ជាពិសេស ចាប់ពីកំពង់ធំឡើងទៅ ទិសខាងជើង គឺអាចនឹងមានការប្រឈមខ្ពស់»
បើធៀបនឹងស្ថានភាពជំនន់ទឹកភ្លៀងនៅឆ្នាំ២០២១ លោកថា ស្ថានភាពនៅតែឆ្នាំ២០២២នេះ ហាក់មានភាពប្រឈមជាងឆ្នាំមុន ហើយភ្លៀងក៏ធ្លាក់ច្រើនជាងឆ្នាំមុន ក្នុងនោះ ឯកឧត្តម ចាន់ យុត្ថា បានពន្យល់ថា៖
«ស្ថានភាពនេះ បើយើងប្រៀបធៀបនឹងឆ្នាំមុន បានន័យថា របាយទឹកភ្លៀងនៅឆ្នាំនេះ គឺធ្លាក់ច្រើនជាងឆ្នាំមុន ហើយស្ថានភាពជំនន់ ក៏វាប្រឈមជាងឆ្នាំមុន ដូចយើងឃើញស្រាប់ មកដល់ពេលនេះ យើងឃើញ កន្លងមក តំបន់មួយចំនួន ដូចជា ខាងបាត់ដំបង នៅខាងប៉ៃលិន មានភាពធ្ងន់ធ្ងរ ប៉ុន្តែនៅក្នុងខែនេះនៅឡើយ បាទ គឺនៅក្នុងខែ ៨ នៅឡើយ ស្ថានភាព វាមានជំនន់ទៅហើយ ហើយយើង កម្រណាស់ ខែ៨ (សីហា) យើងច្រើនតែខែ ៩ (កញ្ញា) បានស្ថានភាពជំនន់ចាប់ផ្តើមមាន តែឥលូវ ខែ៨ហើយ រដូវវស្សា យើងនៅសល់ប្រមាណ ជាង២ខែទៀត រហូតដល់ពាក់កណ្តាលខែ១១ ទើបស្ថានភាពវាធូរស្រាល ដូច្នេះ យើងនៅតែមានការព្រួយបារម្ភ ហើយ ឥលូវនេះ បើស្ថានភាពអាកាសធាតុ កម្រិត ឡានីណា វាខ្ពស់ទៅទៀត កាលណា ឡានីណា ខ្ពស់ ចង់និយាយថា ស្ថានភាពភ្លៀង វានៅតែបន្តរាយប៉ាយ ចឹងហើយបានយើងនៅតែមានការព្រួយបារម្ភ»។
លោក ចាន់ យុត្ថា បានគូសបញ្ជាក់ដែរថា ក្រសួងធនធានទឹកនឹងបន្តតាមដាន ឲ្យបានជាប់ជាប្រចាំ ជាមួយនឹងការជូនដំណឹងបច្ចុប្បភាព ជូនប្រជាពលរដ្ឋ ដើម្បីឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពជំនន់ទឹកភ្លៀង។ យ៉ាងណាក្តី បើទោះបីជាប្រឈមនឹងស្ថានភាពជំនន់ទឹកភ្លៀងក៏ដោយ ស្ថានភាពជំនន់ទឹកទន្លេ ពុំទាន់ឃើញស្ថានភាពធ្ងន់ធ្ងរនៅឡើយទេ គិតត្រឹមថ្ងៃទី១៦ សីហានេះ។
លោក ចាន់ យុត្ថា៖ «ក្រសួងតែងតែធ្វើការតាមដានជាប់ជាប្រចាំ ហើយក៏ធ្វើការជូនដំណឹង ជាងរៀងរហូត ទាក់ទងជាមួយនឹងស្ថានភាពអាកាសធាតុ ក៏ដូចជា ស្ថានភាពជំនន់ទឹកភ្លៀង ហើយមកដល់ពេលនេះ ក្រសួងក៏បានអំពាវនាវរួចហើយដែរ ហើយបន្ថែមពីលើនេះ ខ្ញុំក៏សូមអំពាវនាវបន្ថែម គឺបងប្អូនជាពិសេស ដែលរស់នៅតាមជាប់នឹងផ្លូវទឹកនានា តាមស្ទឹង តាមព្រែក តាមអូរធម្មជាតិនានា សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន ជាពិសេស គឺចំពោះមនុស្សចាស់ និងកុមារ ដោយសារតែភ្លៀង ដូចខ្ញុំបានជម្រាបពីខាងដើម វានៅតែបន្តធ្លាក់ ហើយស្របពេលដែលស្ថានភាពទឹក (ស្ទឹង បឹង) វាពេញស្រាប់ទៅហើយ…ដោយឡែកចំពោះស្ថានភាពជំនន់ទន្លេ ពុំទាន់មានអ្វីដែលគួរឲ្យព្រួយបារម្ភទេ អ្វីដែលយើងប្រយ័ត្ន នៅពេលនេះ គឺទាក់ទងនឹងជាមួយនឹងស្ថានភាពជំនន់ទឹកភ្លៀង»។
ក្រសួងធនធានទឹក និងឧតុនិយមនៃប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ដោយក្រសួងបានបញ្ជាក់ថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ , វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅភាគខាងលើសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្គួរ។