មេទ័ពជើងគោក៖ គ្រាប់មីនកប់ក្នុងដីដ៏ច្រើន ស្លាកស្នាមនៃពិការភាព ការបាត់បង់អាយុជីវិត ដែលកម្ពុជាហែលឆ្លងកាត់កន្លងមក ជាតឹកតាង និងមេរៀនដ៏ឈឺចាប់ ដែលត្រូវចងចាំជានិច្ច និងមិនត្រូវបំភ្លេចឡើយ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា គ្រាប់មីនកប់ក្នុងដីដ៏ច្រើន, ស្លាកស្នាមនៃពិការភាព, ការបាត់បង់អាយុជីវិត និងទុក្ខសោករបស់កុមារកំព្រារាប់ពាន់នាក់ ដែលកម្ពុជាបានហែលឆ្លងកាត់នាពេលកន្លងមក គឺជាតឹកតាង និងមេរៀនដ៏ឈឺចាប់ ដែលយើងទាំងអស់គ្នាត្រូវចងចាំជានិច្ច និងមិនត្រូវបំភ្លេចឡើយ។
ក្នុងពិធីអបអរសាទរខួបលើកទី៣០ នៃការបង្កើតមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់) និងការបំពាក់ឋានន្តរស័ក្តិ កងយោធពលខេមរភូមិន្ទ ជូនមន្ត្រីស៊ីម៉ាក់ចូលនិវត្តន៍ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី៤ សីហា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា អតីតកាលដ៏ខ្មៅងងឹតទាំងនេះ បង្ហាញប្រាប់យើងទាំងអស់គ្នាយ៉ាងច្បាស់ថា គ្មានអ្វីដែលប្រសើរជាងសុខសន្តិភាព, សុវត្ថិភាព និងសេរីភាព ដែលបានបង្កលក្ខណៈឱ្យយើងអាចរស់នៅប្រកបដោយសេចក្តីសុខ និងសុភមង្គលពេញលេញ ជាមួយក្រុមគ្រួសាររៀងៗខ្លួន ខណៈពេលដែលកូនៗរបស់យើងអាចកាន់ប៊ិក ខ្មៅដៃ សៀវភៅ និងកំពុងសិក្សានៅក្នុងថ្នាក់រៀន ជំនួសដោយការកាន់កាំភ្លើង និងសព្វាវុធក្នុងជម្លោះហិង្សាដ៏គួរឱ្យស្អប់ខ្ពើម។
ឯកឧត្តម ឧត្តមសេនីយ៍ឯក គូសបញ្ជាក់ថា ជាងនេះទៅទៀត ពួកគេក៏អាចរត់លេងយ៉ាងសប្បាយរីករាយ និងមិនមានការព្រួយបារម្ភ ឬខ្វល់ខ្វាយអំពីសង្រ្គាម និងគ្រាប់មីនឡើយ ៕

