សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ

បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខ រដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃបានឈ្លានពានយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ។ វាយយកមកបានហើយ ក៏មិនអាចឈរជើងបានដែរ គឺវានឹងត្រូវវាយទៅវាយមក ដូចកាហ្សា និងអ៊ីស្រាអែល និងប្រទេសខ្លះទៀត ក្លាយជាជម្លោះតពូជ ពង្ស ជំនាន់យើងមិនចង់បានទេ។
សម្ដេចតេជោលើកឡើងបែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាល និងចែកអំណោយជូន ជនភៀសសឹក ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹក នៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ។
សម្តេចតេជោបានថ្លែងថា កម្ពុជាពុំមែនមានន័យថា គ្មានសមត្ថភាពវាយដណ្តើម យកដីមកវិញនោះទេ ប៉ុន្តែបើយើងវាយមុន ដើម្បីដណ្តើមយកមកវិញនោះ គឺគេនឹងចោទកម្ពុជាបំពាននឹងកិច្ចព្រមព្រៀងបទឈប់បាញ់ ដូច្នេះកម្ពុជាត្រូវតែអត់ធ្មត់ ដើម្បីចរចាដោយសន្តិវិធី៕

