IAEA បង្ហាញក្ដីបារម្ភក្រោយទទួលដំណឹងនៃការវាយប្រហារដ្រូនចូលរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye នៅអ៊ុយក្រែន

បើតាមសំណេរលើបណ្ដាញសង្គម X របស់ IAEA នៅថ្ងៃទី៣១ ខែឧសភា អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បង្ហាញក្ដីបារម្ភក្រោយទទួលដំណឹងនៃការវាយប្រហារដ្រូនចូលរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye (ZNPP) នៅអ៊ុយក្រែន។
«IAEA បានទទួលដំណឹងពី ZNPP ថាដ្រូនមួយគ្រឿងនៅថ្ងៃនេះបានវាយប្រហារចូលអគារទួប៊ីន (Turbine) ក្នុងរោងចក្រ ដែលត្រូវបានរាយការណ៍ថាបង្កឱ្យមានប្រហោងលើជញ្ជាំងរបស់វា។»
“លោកអគ្គនាយក Rafael Grossi បង្ហាញក្ដីបារម្ភជាខ្លាំងអំពីហេតុការណ៍ដែលបានរាយការណ៍ ដែលបំពានលើសសរស្ដម្ភគោលទាំង៧សម្រាប់ការធានាសុវត្ថិភាពនុយក្លេអ៊ែរអំឡុងជម្លោះ ក៏ដូចជាលើគោលការណ៍ចម្បងទាំង៥ដើម្បីការពារ ZNPP ។” នេះបើតាមការចុះផ្សាយរបស់ IAEA។
រុស្ស៊ីបានចោទថានេះជាទង្វើរបស់អ៊ុយក្រែន។ ប្រធានក្រុមហ៊ុនថាមពល Rosatom របស់រុស្ស៊ី លោក Alexei Likhachev ចោទហេតុការណ៍នេះជាទង្វើចេតនារបស់អ៊ុយក្រែន។ ចំណែកយោធាអ៊ុយក្រែនបានចេញការបដិសេធ។
នេះជាលើកទីមួយហើយដែលរោងចក្រនេះ រងការវាយប្រហារ។ បច្ចុប្បន្ន ZNPP ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំមួយនៅអឺរ៉ុបនិងស្ថិតលើទឹកដីភាគអាគ្នេយ៍អ៊ុយក្រែន កំពុងគ្រប់គ្រងដោយរុស្ស៊ី។
តាមសំណេរដដែលរបស់ IAEA លោក Grossi ចាត់ទុកការវាយប្រហារលើទីតាំងថាមពលនុយក្លេអ៊ែរជារឿងគ្រោះថ្នាក់។ ទន្ទឹមនេះដែរ ក្រុមការងាររបស់ទីភ្នាក់ងារ IAEA ដែលប្រចាំនៅរោងចក្រនេះ បានស្នើទៅភាគីរុស្ស៊ីដែលកំពុងមើលការខុសត្រូវដើម្បីចូលទៅពិនិត្យពិច័យដោយផ្ទាល់ផងដែរ៕
