ចិននិងរុស្ស៉ី រួមគ្នាសាទរវឌ្ឍនភាពនៅក្នុងទំនាក់ទំនងយុទ្ធសាស្រ្តទ្វេភាគី ស្របពេលដែលមេដឹកនាំទាំងពីរ ជួបមុខគ្នាបើកកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង

ចិន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីចិននិងរុស្ស៉ី បានរួមគ្នាសាទរវឌ្ឍនភាពនៅក្នុងទំនាក់ទំនងយុទ្ធសាស្រ្តទ្វេភាគី ស្របពេលដែលមេដឹកនាំទាំងពីរ ជួបមុខគ្នាបើកកិច្ចប្រជុំកំពូល នៅទីក្រុងប៉េកាំង។
ជំនួបខាងលើធ្វើឡើងនៅវិមានប្រជាជនចិន ក្រោមការស្វាគមន៍យ៉ាងឱឡារិករបស់លោកប្រធានាធិបតីចិន។ ស្របពេលដែល ជំនួបកំពូលនេះកើតមានឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មកកាន់ទីក្រុងប៉េកាំង ភាពឆ្លុះបញ្ចាំងព្រមទាំងលទ្ធផលរបស់វា នឹងត្រូវវាយតម្លៃយ៉ាងដិតដល់ ហើយប្រៀបធៀបគ្នាជាក់ជាពុំខាន។
អំឡុងកិច្ចចាប់ផ្តើមនៃជំនួប លោក ស៉ី ជីនពីង បាននិយាយថា ប្រទេសទាំងពីរ គួរតែផ្តោតលើយុទ្ធសាស្រ្តរយៈពេលវែង និងលើកកម្ពស់ ប្រព័ន្ធអភិបាលកិច្ចសកល ដែលមានយុត្តិធម៌ និងសមហេតុផលជាងមុន។
លោក ស៉ី បានបន្តដូច្នេះថា «មូលហេតុដែលទំនាក់ទំនងចិន–រុស្ស៉ីបានឈានដល់កម្រិតថ្មីនេះ គឺដោយសារតែយើងបានខិតខំធ្វើឱ្យកាន់តែស៉ីជម្រៅ នូវភាពជឿទុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត»។
ចំណែកលោក ពូទីន បាននិយាយថា ទំនាក់ទំនងរុស្ស៉ី-ចិន គឺជាកត្តាដែលកំពុងជួយធានាស្ថិរភាពពិភពលោក។
លោកប្រធានាធិបតីរុស្ស៉ី បានលើកឡើងដូច្នេះថា «ទោះបីប្រឈមមុខជាមួយកត្តាខាងក្រៅដែលមិនអំណោយផលក្តី កិច្ចសហប្រតិបត្តិការ ក៏ដូចជា ចំណងទាក់ទងសេដ្ឋកិច្ចរបស់ពួកយើង នៅតែបន្តបង្ហាញភាពស្វាហាប់យ៉ាងល្អ»៕

