ថ្នាក់ដឹកនាំខេត្តស្វាយរៀង អបអរសាទរសិស្សពូកែទទួលបានជ័យលាភីលេខ១ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជួបសំណេះសំណាល ប្រកាសទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ជ័យលាភីលេខ១ ផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩ និងទី១២ មកពីវិទ្យាល័យ ហ៊ុន សែន ពងទឹក ស្រុករំដួល សម័យប្រឡងថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៦។
ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរពីសំណាក់ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋសាលាខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង៥ ចំណុះសាលាខេត្ត លោកស្រីប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលសាលាខេត្ត លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត លោកប្រធានផ្នែកទាំង២ នៃការិយាល័យប្រជាពលរដ្ឋសាលាខេត្ត លោក លោកស្រីប្រធានការិយាល័យចំណុះទីចាត់ការសាលាខេត្ត លោកអភិបាលស្រុករំដួល ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យពងទឹក ស្រុករំដួល ជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីសំណេះសំណាលនោះ លោកអភិបាលរងខេត្តបានពាំនាំនូវការចូលអបអរសាទរប្អូនស្រី រស់ ដា ជាសិស្សសិក្សានៅវិទ្យាល័យពងទឹក ស្រុករំដួល ហើយបានប្រឡងជាប់សិស្សពូកែទទួលបានជ័យលាភីលេខ១ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស ថ្នាក់ទី១២ នាពេលកន្លងទៅថ្មីៗនេះ ដែលបាននាំមកនូវកិត្តយសសម្រាប់សាលា សម្រាប់ខេត្តស្វាយរៀង ជាពិសេសកិត្តយសដ៍ធំធេងសម្រាប់គ្រួសារ ដែលបានខិតខំចិញ្ចិមបីបាច់ថែរក្សាប្រកបដោយព្រហ្មវិហារធម៌ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូផងដែរ ។
លោកអភិបាលរងខេត្តបន្ថែមថា ក្នុងនាមឯកឧត្តមភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត សូមថ្លែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ទីរអប់រំ លោកគ្រូ អ្នកគ្រូ ព្រមទាំងគ្រប់អ្នកពាក់ព័ន្ធ ដែលបានបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំ យុវជន និងកីឡា សំដៅលើកកម្ពស់គុណភាពអប់រំ និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយនឹងសមិទ្ធផលជាច្រើនទៀតក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តឲ្យមានការរីកចម្រើនគួរជាទីមោទនៈ។
លោកភិបាលរងខេត្តក៏បានផ្តាំផ្ញើទៅដល់ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ជៀសឱ្យឆ្ងាយពីការសេពគប់មិត្តមិនល្អ បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀនជាដើម ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អសម្រាប់សង្គមជាតិ៕

