អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ជួបពិភាក្សាការងារជាមួយតំណាងសហភាពអ្នកវិទ្យាសាស្ត្រសកលដើម្បីសន្តិភាពប្រចាំនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Florian Tilly តំណាងសហភាពអ្នកវិទ្យាសាស្ត្រសកលដើម្បីសន្តិភាពប្រចាំនៅកម្ពុជា ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ជំនួបនេះមានគោលបំណង បង្ហាញពីគំនិតផ្តួចផ្តើមរបស់សហភាពអ្នកវិទ្យាសាស្ត្រសកលដើម្បីសន្តិភាព ក្នុងវិស័យកសាងសន្តិភាព ការជួយសង្គ្រោះវិបត្តិផ្លូវចិត្ត និងការអនុវត្តបច្ចេកទេសសមាធិផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដើម្បីគាំទ្រដល់សុខភាពផ្លូវចិត្ត ភាពស៊ាំផ្លូវចិត្ត និងសុខដុមរមនាក្នុងសង្គម ជាពិសេសក្នុងចំណោមក្រុមប្រជាជនដែលងាយរងគ្រោះ។
ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យកាត់បន្ថយភាពតានតឹងចិត្ត (ស្ត្រេស), ការស្តារឡើងវិញក្រោយការប៉ះទង្គិចផ្លូវចិត្ត និងការកសាងសមត្ថភាពសម្រាប់អ្នកថែទាំ និងអ្នកទទួលផលក្នុងសហគមន៍៕

