បណ្ឌិត គុណ ញឹម នាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារៈ ផ្តល់ជូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព និងកងកម្លាំង នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦ សមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារៈ ផ្តល់ជូនបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព នៅស្រុកអូរជ្រៅ និងស្រុកថ្មពួក ព្រមទាំងទាំងនាំយកនូវស្បៀង មានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ជូនដល់កងកម្លាំង ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
ក្នុងនោះក៏មានការអមដំណេីរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ផងដែរ។
នាឱកាសនោះឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានជួបសំណេះសំណាលផ្ទាល់ជាមួយនឹងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ដែលអាជ្ញាធរខេត្តបានរៀបចំជូនស្នាក់បណ្តោះអាសន្នចំនួន៤ទីតាំង ក្នុងស្រុកអូរជ្រៅ២ទីតាំង និងស្រុកថ្មពួក ២ទីតាំង។
ឯកឧត្តមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជម្លោះព្រំដែន ដែលមានការអត់ធ្មត់ និងជឿជាក់ទៅលើការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលក្រោមការ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃឈ្លានពានរំលោភមកលេីដែនអធិបតេយ្យភាពរបស់កម្ពុជា។
ឯកឧត្តម ក៏បានអំពាវនាវ ឱ្យបងប្អូនបន្តរក្សាការអត់ធ្មត់ និងជឿជាក់ទៅលើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ឱ្យវិលត្រលបទៅរកស្ថានភាពដូចមុន និងអាចឱ្យបងប្អូនឆាប់បសនវិលត្រឡប់ទៅលំនៅឋានវិញ។
ឯកឧត្ដមក៏បានបញ្ជាក់ថា បើទោះបីជាទីនេះមិនដូចការរស់នៅផ្ទះបងប្អូន ឯកឧត្តម សុំឱ្យបងប្អូនភៀសសឹករស់នៅជាមួយគ្នា សាមគ្គីភាពគ្នា និងចូលរួមថែរក្សាសុខភាពឱ្យបានល្អ ត្រូវមានអនាម័យក្នុងការរស់នៅ ហេីយឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្ត ដែលជានិច្ចកាលតែងតែនៅជាមួយនឹងបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកចោលបងប្អូនចោលឡើយ៕

