រដ្ឋបាលលោក ដូណាល់ ត្រាំ ដាក់ចេញនូវវិធានការដ៏គួរឱ្យភ្ញាក់ផ្អើលមួយ អនុញ្ញាតឱ្យមានការទិញលក់ប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ដែលកំពុងជាប់គាំងនៅតាមកប៉ាល់នានាលើផ្ទៃសមុទ្រ

វ៉ាស៊ីនតោន៖ ដើម្បីឆ្លើយតបទៅនឹងការហក់ឡើងនៃតម្លៃប្រេងពិភពលោកហួសពី១០០ដុល្លារក្នុងមួយបារ៉ែល រដ្ឋបាល លោក ដូណាល់ ត្រាំ បានសម្រេចដាក់ចេញនូវវិធានការដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយអនុញ្ញាតឱ្យមានការទិញលក់ប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ដែលកំពុងជាប់គាំងនៅតាមកប៉ាល់នានាលើផ្ទៃសមុទ្រ។
រដ្ឋមន្ត្រីក្រសួងរតនាគារនៃរដ្ឋាភិបាលសហរដ្ឋអាម៉េរិក លោក ស្កុត បេសសិន បានបញ្ជាក់ថា អាជ្ញាបណ្ណដែលមានរយៈពេល៣០ថ្ងៃ (មានសុពលភាពរហូតដល់ថ្ងៃទី១១ ខែមេសា) គឺជាជំហានចាំបាច់ ដើម្បីរក្សាស្ថិរភាពទីផ្សារថាមពល ដែលបាននិងកំពុងរង្គោះរង្គើដោយសារសង្រ្គាមនៅអ៊ីរ៉ង់។
ស្របពេលជាមួយគ្នា ក្រសួងថាមពលអាម៉េរិកបានប្រកាសបញ្ចេញប្រេងចំនួន១៧២លានបារ៉ែលពីឃ្លាំងបម្រុងយុទ្ធសាស្ត្រ ជាផ្នែកនៃកិច្ចព្រមព្រៀងសកលរបស់ IEA ក្នុងការបញ្ចេញប្រេងសរុប៤០០លានបារ៉ែល ដើម្បីប៉ះប៉ូវការផ្គត់ផ្គង់ដែលបាត់បង់ពីមជ្ឈិមបូព៌ា។
បច្ចុប្បន្ន ប្រេងរុស្ស៊ីប្រហែល១២៤លានបារ៉ែល កំពុងអណ្តែតលើទឹកនៅតាមទីតាំងផ្សេងៗគ្នា ជុំវិញពិភពលោក។ ការបើកផ្លូវឱ្យលក់ប្រេងទាំងនេះ នឹងជួយផ្គត់ផ្គង់ទីផ្សារបានប្រហែល៥ទៅ៦ថ្ងៃបន្ថែមទៀត ខណៈច្រកសមុទ្រហ័រមូស្សនៅតែបន្តជាប់គាំង។ ទន្ទឹមនោះ សេតវិមានកំពុងពិចារណាលើកលែងច្បាប់ Jones Act ជាបណ្ដោះអាសន្ន ដើម្បីអនុញ្ញាតឱ្យកប៉ាល់បរទេសអាចដឹកជញ្ជូនឥន្ធនៈ រវាងកំពង់ផែអាម៉េរិក ដែលនឹងជួយកាត់បន្ថយចំណាយ និងបង្កើនល្បឿននៃការចែកចាយ។ បើទោះបីជាមានការរិះគន់ពីសមាជិកសភាមួយចំនួន ដែលចោទប្រកាន់លោកថា ខ្វល់តែពីផលចំណេញរបស់សេដ្ឋីប្រេងក៏ដោយ លោក ត្រាំ អះអាងថា អាម៉េរិកនឹងទទួលបានផលចំណេញយ៉ាងច្រើនពីការឡើងថ្លៃប្រេងក្នុងរយៈពេលខ្លី។
លោក ស្តេហ្វិន មីលលើរ (Stephen Miller) នាយករងខុទ្ទកាល័យសេតវិមាន បានសង្កត់ធ្ងន់ថា ប្រធានាធិបតីកំពុងធ្វើគ្រប់យ៉ាងដើម្បីបញ្ចុះតម្លៃ រួមទាំងការជំរុញឱ្យផលិតករក្នុងស្រុក បង្កើនការខួងយកប្រេងឱ្យអស់លទ្ធភាព និងការផ្ដល់ការធានារ៉ាប់រងដល់នាវាដឹកជញ្ជូននៅក្នុងតំបន់ឈូងសមុទ្រ៕

