អ្នកនាំពាក្យ៖ សម្តេចធិបតី ពុំដែលមានប្រសាសន៍ ឬបង្ហោះសារលើបណ្តាញសង្គមអំពីពេលវេលានៃការចរចា តាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកដែលថាអាចនឹងធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីរួចនោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ប្រព័ន្ធផ្សាយព័ត៌មានថៃបានស្រង់សម្តីរបស់ឯកឧត្តម ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃមកផ្សាយថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារដែលមានន័យថា កិច្ចចរចាអំពីបញ្ហាព្រំដែនដើម្បីទាមទារទឹកដីមកវិញនឹងត្រូវធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនដូចតទៅ៖
ទី១៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាពុំដែលបានមានប្រសាសន៍ ឬបង្ហោះសារលើបណ្តាញសង្គមណាមួយអំពីពេលវេលានៃការចរចា តាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលថាអាចនឹងត្រូវធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីរួច ដូចដែលសារព័ត៌មានថៃបានលើកឡើងខាងលើនោះឡើយ។
ទី២៖ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងដំណោះស្រាយបញ្ហាព្រំដែន មានភាពច្បាស់លាស់ គឺកម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវស្មារតីនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ ដោយអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ធ្វើការងារឱ្យបានឆាប់រហ័សបំផុតដើម្បីដោះស្រាយបញ្ហាព្រំដែន និងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយមិនរង់ចាំរហូតដល់ក្រោយពិធីចូលឆ្នាំនោះឡើយ។
ជាក់ស្តែង គិតចាប់ពីបទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីវេលាម៉ោង ១២:០០នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលតំណាងឱ្យ JBC កម្ពុជា បានដាក់សំណើរជាផ្លូវការទៅកាន់ភាគីថៃចំនួន៥លើកមកហើយ ដើម្បីស្នើសុំឱ្យភាគីថៃចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះដើម្បីចុះធ្វើការងារវាស់វែងព្រំដែននៅលើដីជាក់ស្តែង៕
