ខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាល ស្តីពីការតម្រង់ទិសអនុវត្តការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ជូនដល់មន្ត្រីអត្រានុកូលដ្ឋានទូទាំងខេត្ត

កំពង់ចាម៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាល ស្តីពីការតម្រង់ទិសអនុវត្តការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ជូនដល់មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម និងលោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការងារអត្រានុកូលដ្ឋាន គឺជាការងារដ៏សំខាន់ចាំបាច់ ដែលផ្តល់នូវឯកសារគតិយុត្តជូនប្រជាពលរដ្ឋទាក់ទងនឹង កំណើត អាពាហ៍ពិពាហ៍ និងមរណភាព។ឯកសារគតិយុត្តនេះ គឺជាភស្តុតាងដ៏មាន តម្លៃបំផុតក្នុងជីវិតរបស់មនុស្សម្នាក់ៗ សម្រាប់បញ្ជាក់ពីអត្តសញ្ញាណ និងស្ថានភាពស៊ីវិលរបស់ប្រជា ពលរដ្ឋម្នាក់ៗ ក្នុងសង្គម និងក្នុងគ្រួសាររបស់ខ្លួន។
លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត មានប្រសាសន៍ថា ការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងការងារអត្តសញ្ញាណកម្ម គឺជាការងារអាទិភាពមួយដ៏សំខាន់របស់រដ្ឋបាលខេត្ត ហើយរដ្ឋបាលខេត្តបានយកចិត្តទុកដាក់អនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមតួនាទី ភារកិច្ចរបស់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលសម្រេចបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។
នាឱកាសនោះលោក អភិបាលរងខេត្ត ស្នើដល់សមាជិក សមាជិកានៃវគ្គបណ្តុះបណ្តាល និងអ្នកពាក់ព័ន្ធក្នុងតួនាទីជាអ្នកបម្រើសេវាដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ធ្វើការកុំឲ្យមានការស្រពិចស្រពិល មិនច្បាស់លាស់ បង្ការកំហុសកើតមានចំពោះប្រជាពលរដ្ឋ នាំឱ្យប្រជាពលរដ្ឋលំបាក ក្នុងការយកទៅប្រើប្រាស់ ហើយចំណាយពេលវេលាយូរសម្រាប់ការស្នើសុំកែតម្រូវ ជាមួយនេះ ត្រូវតែមានស្មារតីបុរេសកម្ម និងសកម្មទៀងទាត់ និងត្រូវគោរពតាមពេលវេលា យកចិត្តទុកដាក់ឱ្យបានល្អ ដើម្បីទទួលបានពុទ្ធិ និងចំណេះដឹងបន្ថែមដើម្បីធានាឱ្យការអនុវត្តបានត្រឹមត្រូវ និងមានប្រសិទ្ធភាពប្រកបដោយគណនេយ្យភាព និងសុក្រឹត្យភាព៕

