សម្តេចធិបតី៖ ការខិតខំដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី និងច្បាប់ គឺជាមូលដ្ឋានក្នុងការដោះស្រាយដោយទទួលបានផលជានិរន្តរភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការខិតខំដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី និងច្បាប់ គឺជាមូលដ្ឋានក្នុងការដោះស្រាយដោយទទួលបានផលជានិរន្តរភាព ជាព្រំដែនសុខសន្ដិភាពសម្រាប់កូនចៅយើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយោគយល់លើកិច្ចការងារនេះ។
សម្ដេចមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
សម្តេចធិបតី បានថ្លែងថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺមានទស្សនខុសគ្នាច្រើន ប៉ុន្តែទោះយ៉ាងណារាជរដ្ឋាភិបាលបានកំពុងខិតខំធ្វើការដោះស្រាយនូវបញ្ហានេះជានិច្ចបើទោះបី ជារាជរដ្ឋាភិបាលមិនបានបង្ហាញជាសាធារណៈ ឬធ្វើសន្និសីទជាប្រចាំ ដើម្បីបង្ហាញដល់ជនរួមជាតិនោះ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ទោះស្ថានភាពនេះមានភាពស្មុគ្រស្មាញយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងខិតខំថែរក្សាការពារឲ្យខាងតែបាននូវបូរណភាពទឹកដី និងប្រជាជនកម្ពុជាយើងទាំងមូល៕

