សម្តេចតេជោ បង្ហាញក្ដីបំណង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតស្ថានទូតនៅប៉ាគីស្ថាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញក្ដីបំណង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតស្ថានទូតជាផ្លូវការ នៅក្នុងប្រទេសប៉ាគីស្ថាន។
នេះបើតាមការបញ្ជាក់ពី ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទសារព័ត៌មាន ស្តីពីជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយ ឯកឧត្ដម Syed Yousaf Raza Gilani ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន នៅវិមានសាមគ្គីភាព នាល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្ដម ជា ធីរិទ្ធ បញ្ជាក់ថា “បច្ចុប្បន្ន កម្ពុជាយើង មិនទាន់មានស្ថានទូតនៅប៉ាគីស្ថាននៅឡើយទេ។ សម្រាប់សម្តេចតេជោ ហ៊ុន សែន សម្តេចគាំទ្រឲ្យរាជរដ្ឋាភិបាលកម្ពុជា បើកស្ថានទូតជាផ្លូវការ នៅប៉ាគីស្ថាន ដើម្បីជំរុញ និងពង្រឹងទំនាក់ទំនងរវាងកម្ពុជា–ប៉ាគីស្ថាន ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត”។
ឯកឧត្ដម ជា ធីរិទ្ធ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ប៉ាគីស្ថាន គឺជាប្រទេសមួយដែលបានទទួលស្គាល់កម្ពុជា និងបង្កើតទំនាក់ទំនងការទូតជាមួយគ្នា តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៥២ ពោលគឺមុនមួយឆ្នាំ ដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង។ ការទទួលស្គាល់របស់ប៉ាគីស្ថាន ចំពោះកម្ពុជា តាំងពីឆ្នាំ១៩៥២ នេះ គឺជារឿងដែលកម្ពុជាចងចាំជានិច្ច និងបញ្ជាក់ពីការផ្ដល់តម្លៃរបស់ប៉ាគីស្ថាន ចំពោះកម្ពុជាតាំងពីដើមមក៕

