ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅមីយ៉ាន់ម៉ា
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសនៃ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីការបរទេសបានឯកភាពថា កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌមេគង្គ-ឡានឆាង ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អនុតំបន់មេគង្គ ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការពង្រឹងសាមគ្គីភាពដើម្បីឆ្ពោះទៅរក គោលដៅរួមដែលនឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជនទាំងអស់ក្នុងតំបន់។
បន្ទាប់ពីកិច្ចប្រជុំនេះ គឺមានពិធីដាក់បង្ហាញអគារ អង្គភាពសម្របសម្រួលថ្នាក់ជាតិ (មីយ៉ាន់ម៉ា) សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងបទបង្ហាញវីដេអូខ្លីស្តីពី ប្រវត្តិសាស្រ្តនៃទីក្រុងបាហ្កាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះផងដែរ ៕