កម្ពុជាដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ដែលជាការបំពេញបន្ថែមលើយុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយក្នុងនោះ វិធានការគោលនយោបាយជាច្រើន របស់រាជរដ្ឋាភិបាល ត្រូវបានយកមករៀបចំ, សម្រួល និងសម្រួចឱ្យកាន់តែចំទិសដៅ និងកាន់តែសមស្រប ទៅនឹងបរិការណ៍សង្គម-សេដ្ឋកិច្ច កម្ពុជា, តំបន់ និង សកល, ដែលកំពុងវិវត្តយ៉ាងរហ័ស និងពិបាកប៉ាន់ស្មាន។
ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីនេះជាផ្លូវការនេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តនូវកម្មវិធីនេះ ស្របទៅនឹងកាលៈទេសៈបច្ចុប្បន្ន ដែលកម្ពុជា និងពិភពលោក កំពុងជួបប្រឈម នោះគឺ ភាពមិនប្រាកដប្រជាខ្ពស់នៃសណ្តាប់ធ្នាប់សកល និង តំបន់ទាំងលើទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច។ការណ៍នេះ កំពុងបង្កឲ្យមានបញ្ហាប្រឈម និង ហានិភ័យផ្នែកសន្តិសុខ ដែលជាយថាហេតុ អាចបំផ្លាញសន្តិភាពដ៏ផុយស្រួយ និង អាចបង្កផលប៉ះពាល់អវិជ្ជមាន ដល់និរន្តរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជារួម, ពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដែលមានមូលដ្ឋានសេដ្ឋកិច្ចនិង អភិបាលកិច្ច មិនទាន់រឹងមាំគ្រប់គ្រាន់នៅឡើយ និង ពឹងផ្អែកខ្លាំង លើរបៀបរបបនៃអភិបាលកិច្ច និង សណ្តាប់ធ្នាប់នៃការដឹកនាំសកល, សាកលភាវូបនីយកម្ម, សេរីភាវូបនីយកម្ម និង ពហុភាគីនិយម ដែលផ្អែកលើវិធាន និង ច្បាប់អន្តរជាតិជាចម្បង។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកត់សម្គាល់ថា«ប្រឈមមុខនឹងស្ថានភាពបែបនេះ, ថ្វីត្បិតតែជាប្រទេសតូច មិនសូវមានជម្រើសច្រើន ប៉ុន្តែកម្ពុជាមិនប្រកាន់យកនូវអភិក្រមបែប «ប្រតិកម្ម» ដោយបាត់ម្ចាស់ការនោះទេ។ផ្ទុយទៅវិញ, យើងបានតាំងចិត្តខិតខំពង្រឹងភាពធន់របស់ខ្លួនដែលអាចផ្ដល់នូវលំហសមស្រប សម្រាប់អនុញ្ញាតឲ្យយើង អាចធ្វើសកម្មភាព ក្នុងអភិក្រមបែប «បុរេសកម្ម» ប្រកបដោយភាពបត់បែន និង បរិវត្តកម្ម ស្របទៅនឹងតថភាព និង បរិបទនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជា ក្នុងតំបន់ និង លើសកលលោក ដែលបន្តផ្លាស់ប្ដូរ និង ប្រែប្រួលឥតឈប់ឈរ ព្រមទាំង ឆ្លើយតបទៅនឹងទស្សនវិស័យរយៈពេលវែងរបស់យើង។ ក្នុងន័យនេះ, ការរៀបចំដាក់ចេញ នូវ កម្មវិធីដោយរួមបញ្ចូលនូវផែនការសកម្មភាព និងវិធានការជាក់លាក់, ទាំងសម្រាប់រយៈពេលខ្លី, មធ្យម និង វែង, គួបផ្សំជាមួយនឹងយន្តការតាមដាន និង ត្រួតពិនិត្យច្បាស់លាស់, ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានានូវប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព នៃការអនុវត្តគោលនយោបាយ និង ផែនការយុទ្ធសាស្តសំខាន់ទាំងឡាយ របស់រាជរដ្ឋាភិបាល សំដៅពង្រឹងអភិបាលកិច្ច, ជំរុញកំណើនសេដ្ឋកិច្ចនិង ធានានិរន្តរភាពនៃការអភិវឌ្ឍ»៕

