ជប៉ុនបានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ចិនក្នុងការហាមឃាត់ការនាំចេញទំនិញ សម្រាប់យោធាជប៉ុន ដោយចាត់ទុកថាជាទង្វើ «មិនអាចទទួលយកបានទាំងស្រុង»

បរទេស៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃពុធនេះ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ចិនក្នុងការហាមឃាត់ការនាំចេញទំនិញ «ប្រើប្រាស់ពីរគោលដៅ» សម្រាប់យោធាជប៉ុន ដោយចាត់ទុកថាជាទង្វើ «មិនអាចទទួលយកបានទាំងស្រុង»។
ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក មីណូរុ គីហារ៉ា (Minoru Kihara) បានថ្លែងថា «វិធានការបែបនេះ ដែលផ្តោតគោលដៅតែមកលើប្រទេសរបស់យើង ខុសប្លែកយ៉ាងខ្លាំងពីការអនុវត្តអន្តរជាតិ ហើយជារឿងគួរឱ្យសោកស្តាយបំផុត»។
ជម្លោះនេះបានផ្ទុះឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកៃឈិ បានព្រមានថា ការវាយប្រហាររបស់ចិនលើតៃវ៉ាន់ អាចចាត់ទុកជាការគំរាមកំហែងដល់អាយុជីវិតរបស់ជាតិជប៉ុន។ ចិនបានទាមទារឱ្យដកពាក្យសម្តីនេះវិញ ប៉ុន្តែមិនទទួលបានលទ្ធផល ទើបឈានដល់ការដាក់ចេញវិធានការសងសឹក។
ការហាមឃាត់នេះបានធ្វើឱ្យសន្ទស្សន៍ហ៊ុន Nikkei របស់ជប៉ុនធ្លាក់ចុះប្រហែល ១% នៅថ្ងៃពុធ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនម៉ៅការយោធាធំៗដូចជា Kawasaki Heavy និង Mitsubishi Heavy បានធ្លាក់ចុះប្រហែល ២% ចំពេលមានក្តីបារម្ភអំពីការរឹតបន្តឹងលើរ៉ែកម្របន្ថែមទៀត៕

