អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយនៅខេត្តបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយជូនថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌនៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមានការអញ្ជើញចូលរួមពីលោក សុខ ជឿន អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និង តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្រុមការងារបច្ចេកទេសនាយកដ្ឋាន ក្រុមការងារធនាគារជាតិនៃកម្ពុជា ប្រធានអង្គភាពច្រកចេញចូលតែមួយ អភិបាលរងទទួលបន្ទុកការិយាល័យច្រកចេញចូលតែមួយ ប្រធានការិយាល័យច្រកចេញចូលតែមួយ មន្ត្រីទទួលបន្ទុកការងារបេឡា មន្ត្រីទទួលបន្ទុកការងារទទួល-ប្រគល់ឯកសារ និងមន្ត្រីជួរក្រោយទទួលបន្ទុកវិស័យទេសចរណ៍ សរុបសមាសភាពចូលរួមចំនួន១០១នាក់ ក្នុងនោះមានស្រ្តីចំនួន ៣៨នាក់។
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានទទួលការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ីរៀបចំ និងដាក់ឲ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន១៣គោលដៅ។ ក្រោយពីដាក់ឲ្យអនុវត្តកន្លងមកទទួលលទ្ធផលល្អប្រសើរ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃនឹងពង្រឹកការអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌចំនួន៣៨គោលដៅបន្ថែមទៀត៕

