រដ្ឋបាលខេត្តឧត្តរមានជ័យ សហការជាមួយរដ្ឋបាលស្រុកត្រពាំងប្រាសាទ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ឆ្នាំទី២ អាណត្តិទី៤

ឧត្តរមានជ័យ៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តឧត្តរមានជ័យ បានសហការជាមួយរដ្ឋបាលស្រុកត្រពាំងប្រាសាទ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ឆ្នាំទី២ អាណត្តិទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វណ្ណ កុសល សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ កន្នារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដែលមានសមាសភាពចូលរួម ៣០០នាក់ ស្រី ១២៧នាក់។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម វណ្ណ កុសល សមាជិកក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ឱ្យដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាពេលនេះគឺធ្វើឡើងដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់បានស្វែងយល់អំពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត-ស្រុក-ឃុំ និងបញ្ហាប្រឈមនានា ដែលកើតឡើងនានា និងបានផ្តល់ឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធបានបញ្ចេញមតិរបស់ខ្លួនអំពីក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋានផងដែរ។
ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តបន្តថា វេទិការនេះធ្វើធ្វើឡើងក្នុងគោលបំណងពិនិត្យឡើងវិញ អំពីសកម្មភាពនៃការអនុវត្តរបស់ថ្នាក់ដឹកនាំមូលដ្ឋាន ដោយផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋមានដូចជាបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការក្នុងការដោះស្រាយផងដែរ។
ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាក្នុងវេទិកានេះឲ្យបានច្រើនដើម្បីឲ្យក្រុមប្រឹក្សាខេត្ត ធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះមកធ្វើការពិភាក្សា ស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។
ក្នុងឱកាសនោះលោក គង់ កន្នារិទ្ធ អភិបាលរងខេត្តឧត្ដរមានជ័យ បានបញ្ជាក់ក្នុងអង្គវេទិកាថា តាមរយៈ នៃការធ្វើវេទិកានាពេលនេះ គឺបានរកឃើញនូវបញ្ហាមួយចំនួន ដែលកើតឡើងនៅក្នុងមូលដ្ឋាន ធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការអភិវឌ្ឍន៍ស្រុកដែលទាមទារឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ចូលរួមដោយកិច្ចសហការជាប្រចាំក្នុងដំណើរការអភិវឌ្ឍន៍ឱ្យកាន់តែមានភាពល្អប្រសើរឡើង។
លោកអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា វេទិកានេះពិតជាមានសារៈសំខាន់បំផុតដល់អាជ្ញាធរមូលដ្ឋាន ដើម្បីក្តាប់ឱ្យបាននូវរាល់បញ្ហាដែលប្រជាពលរដ្ឋលើកឡើង ហើយអាជ្ញាធរខេត្ត និងស្រុកចូលរួមដោះស្រាយទាំងអស់គ្នាតាមស្ថានភាពជាក់ស្តែង។
បន្ថែមពីនេះ លោក គង់ កន្នារិទ្ធ អភិបាលរងខេត្តឧត្ដរមានជ័យ ក៏បានផ្ដាំផ្ញើអាជ្ញាធរ និងប្រជាពលរដ្ឋចូលរួមការពារធនធានធម្មជាតិ និងចូលរួមទប់ស្កាត់ឧបករណ៍ខុសច្បាប់ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ៕

