ឡានក្រុងបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹក បណ្តាលឱ្យស្លាប់១៣នាក់ និងរបួស២៤នាក់ នៅស្រុកសន្ទុក ខេត្តកំពង់ធំ

កំពង់ធំ៖ រថយន្ដក្រុងដឹកអ្នកដំណើរពេលយប់ បុកបង្កាន់ដៃស្ពានក្រឡាប់ធ្លាក់ចូលទឹកនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ឲ្យដឹងថា មកទល់ព្រឹកនេះ សមត្ថកិច្ចបានស្ទួចយកឡានចេញពីទឹក និងរកឃើញមនុស្សស្លាប់ចំនួន១៣នាក់ ស្រី៨នាក់ និងអ្នករបួស២៤នាក់។
ផ្អែកតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហ៊ានដំបូង គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកស្ថិតក្នុងស្ថានភាពងងុយដេក។ ដោយឡែក សាកសពក្រោយស្រង់ពីទឹកសមត្ថកិច្ចបានយកទៅតម្កល់នៅវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ និងក្រុមគ្រួសារ៕

