លោក ដូណាល់ ត្រាំ គំរាមបញ្ជូនកងទ័ពអាមេរិកទៅកាន់នីហ្សេរីយ៉ា ប្រសិនបើមិនព្រមទប់ស្កាត់ការសម្លាប់គ្រិស្តសាសនិកដោយ ក្រុមអ៉ីស្លាមជ្រុលនិយម

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានគំរាមបញ្ជូនកងទ័ពអាមេរិក ទៅកាន់នីហ្សេរីយ៉ា ប្រសិនបើប្រទេសអាហ្រ្វិកមួយនេះ មិនព្រមទប់ស្កាត់នូវអ្វីដែលលោកហៅថា ការសម្លាប់គ្រិស្តសាសនិកដោយ ក្រុមអ៉ីស្លាមជ្រុលនិយម។
លោក ត្រាំ បានបង្ហោះសារលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «ប្រសិនបើរដ្ឋាភិបាលនីហ្សេរីយ៉ា បន្តបណ្តោយឱ្យមាន ការសម្លាប់គ្រិស្តសាសនិក សហរដ្ឋអាមេរិកនឹងកាត់ផ្តាច់ជំនួយទាំងអស់ភ្លាមៗ ហើយក៏ប្រហែលអាចបញ្ជូនកងទ័ពចូលទៅតែម្តង ដើម្បីកម្ទេចក្រុមភេរវករអ៉ីស្លាមជ្រុលនិយម ដែលកំពុងប្រព្រឹត្តអំពើសាហាវឃោរឃៅទាំងនេះ។ ខ្ញុំកំពុងបង្គាប់ឱ្យ ក្រសួងកិច្ចការសង្រ្គាម (ក្រសួងការពារជាតិ) ត្រៀមផែនការសម្រាប់ការធ្វើសកម្មភាព ដែលអាចនឹងកើតឡើង»។
គួរបញ្ជាក់ថា ប្រទេសនីហ្សេរីយ៉ា កំពុងជាប់ផុងក្នុងជម្លោះជាច្រើន ដែលក្រុមអ្នកជំនាញនិយាយថា បានសម្លាប់ទាំងគ្រិស្តសាសនិក និងអ៉ីស្លាមសាសនិក ដោយគ្មានការរើសអើងនោះទេ៕

