ក្រុមប្រឹក្សាសន្តិសុខរបស់ UN ហាក់លែងមានប្រសិទ្ធភាព ក្នុងការដោះស្រាយវិបត្តិជាច្រើន របស់ពិភពលោក គឺដោយសារតែសមាជិកប្រកាន់ទស្សនៈផ្ទុយគ្នា

គូឡាឡាំពួ៖ ថ្លែងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសម៉ាឡេស៉ី អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខរបស់ UN ហាក់លែងមានប្រសិទ្ធភាព ក្នុងការដោះស្រាយវិបត្តិជាច្រើន របស់ពិភពលោក គឺដោយសារតែសមាជិកជារឿយៗប្រកាន់ទស្សនៈផ្ទុយគ្នា។
បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ ដោយគូសបញ្ជាក់ជាថ្មីនូវការអំពាវនាវធ្វើកំណែទម្រង់ លោក Guterres កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា សមាជិកអចិន្រ្តៃយ៍ទាំង៥ របស់ក្រុមប្រឹក្សាសន្តិសុខ UN បានប្រើប្រាស់អំណាចវេតូរបស់ពួកគេ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលជាហេតុនាំឱ្យចុះទន់ខ្សោយនូវភាពអាចជឿជាក់បាន នៃស្ថាប័នអន្តរជាតិនេះ។
លោក Guterres បានគូសរំលេចថា បញ្ហាប្រឈមស្នូល គឺស្ថិតនៅលើការខ្វែងគំនិតគ្នាយ៉ាងស៉ីជម្រៅ រវាងកំពូលមហាអំណាចពិភពលោក ដែលជាសមាជិកអចិន្រ្តៃយ៍ របស់ស្ថាប័នចម្បងរបស់ UN មួយនេះ ដែលមានតួនាទីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។
សព្វថ្ងៃ សមាជិកអចិន្រ្តៃយ៍ទាំង៥ របស់ក្រុមប្រឹក្សាសន្តិសុខ UN រួមមានសហរដ្ឋអាមេរិក ចិន រុស្ស៉ី បារាំង និងចក្រភពអង់គ្លេស ខណៈសមាជិកនីមួយៗ សុទ្ធតែមានសិទ្ធិប្រើអំណាចវេតូ រារាំងសេចក្តីសម្រេចឬដោះស្រាយណាមួយ។ ដោយឡែក ក៏នៅមានសមាជិក១០ផ្សេងទៀតផងដែរ ដែលបោះឆ្នោតជ្រើសរើស ដោយឈរលើគោលការណ៍តាមតំបន់ រៀងរាល់២ឆ្នាំម្តង ប៉ុន្តែសមាជិកមិនអចិន្រ្តៃយ៍ទាំងនេះ មិនមានសិទ្ធិធំដូចសមាជិកអចិន្រ្តៃយ៍ទាំង៥ឡើយ។
គួរបញ្ជាក់ថា បើតាមការយល់ឃើញរបស់លោក Guterres រចនាសម្ព័ន្ធបច្ចុប្បន្ន គឺហួសសម័យ ហើយមិនតំណាងឱ្យពិភពលោក សម័យទំនើបនោះទេ។
លោកអគ្គលេខាធិការ UN បាននិយាយដូច្នេះថា «យើងចាំបាច់ត្រូវធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ដ្បិត សព្វថ្ងៃ វាមានសមាជិកអចិន្រ្តៃយ៍មកពីអឺរ៉ុបដល់ទៅ៣ ខណៈមានមួយមកពីអាស៉ី ហើយអាហ្រ្វិក និងអាមេរិកឡាទីន គឺគ្មានសោះតែម្តង។ សមាសភាពសមាជិកបែបនេះ ត្រូវការការផ្លាស់ប្តូរ និងសម្របខ្លួនឱ្យស្របជាមួយអ្វី ដែលជាធាតុពិតជាក់ស្តែង នៃសព្វថ្ងៃ»៕

