នាយករដ្ឋមន្ត្រីជប៉ុន នឹងតែងតាំងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាបេក្ខភាពសម្រាប់ពានរង្វាន់ណូបែលសន្តិភាព

តូក្យូ៖ បើតាមការប្រកាសរបស់អ្នកនាំពាក្យ សេតវិមានលោកស្រី Karoline Leavitt ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នឹងតែងតាំងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាបេក្ខភាពសម្រាប់ពានរង្វាន់ណូបែលសន្តិភាព។
លោកស្រី Karoline Leavitt ធ្វើការប្រកាសខាងលើក្នុងសន្និសីទមួយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារ ទី២៨ ខែតុលា។ លោកស្រី Takaichi នៅថ្ងៃអង្គារនេះបានប្រាប់ក្រុមអ្នកសារព័ត៌មាន តាមរយៈអ្នកបកប្រែថា «ក្នុងរយៈពេលដ៏ខ្លី ពិភពលោកបានចាប់ផ្ដើមរីករាយនឹងសន្តិភាពជាច្រើន។ ខ្លួនខ្ញុំផ្ទាល់ពិតជាសូមកោតសរសើរ និងស្ញប់ស្ញែងចំពោះអ្នកណាស់ លោកប្រធានាធិបតី (ត្រាំ)»។
គួរបញ្ជាក់ថា លោកស្រី Takaichi បានជួបលោក ដូណាល់ ត្រាំ ក្នុងទីក្រុងតូក្យូនៅព្រឹកថ្ងៃអង្គារនេះ ដើម្បីពិភាក្សាពីបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្តិសុខ។ ក្នុងកិច្ចពិភាក្សានោះ មេដឹកនាំទាំង២ ក៏បាន ចុះកិច្ចព្រមព្រៀងផងដែរស្ដីពីការធានាការផ្គត់ផ្គត់រ៉ែកម្រ៕
