អភិបាលថ្មីស្រុកកោះកុង ប្តេជ្ញានឹងខិតខំយកអស់កម្លាំងកាយចិត្ត ចំណេះដឹង និងបទពិសោធន៍ការងារ ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវខ្ពស់

កោះកុង៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោក សុវណ្ណ ប៊ុនធឿន ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលថ្មីស្រុកកោះកុង ក្រោមវត្តមានឯកឧត្ដម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឈី វ៉ា អភិបាលខេត្ត ព្រមទាំងតំណាងមន្ទីរអង្គភាពជាច្រើនរូប។
ក្នុងឱកាសនេះលោកជំទាវ ឈី វ៉ា បានណែនាំអភិបាលស្រុកថ្មីថា លោកអភិបាលស្រុកទើបប្រកាសចូលកាន់មុខតំណែងថ្មីចាំបាច់ត្រូវគិតគូរដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលជាសេចក្តីត្រូវការចង់បាន និងបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋអោយបានលឿនឆាប់រហ័ស តម្លាភាព និងប្រកបដោយទំនុកចិត្ត ដើម្បីឆ្លើយតបនឹងស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកជំទាវ ឈី វ៉ា បានបន្តថា ក្នុងនាមជាអាជ្ញាធរ គឺជាឪពុកម្តាយប្រជាពលរដ្ឋដូច្នេះត្រូវតាមដានក្តោបក្តាប់រាល់សកម្មភាព និងព័ត៌មានក្រុមប្រឆាំងជ្រុលនិយមដែលតែងប៉ុនប៉ុងបំផ្លាញសុខសន្តិភាព បង្កចលាចលអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ជាក់ស្តែងក្រុមជ្រុលនិយមទាំងនោះ កំពុងតែក្លែងបន្លំព័ត៌មានផ្ទុយពីការពិត ចង់ធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញការបោះឆ្នោតចេញបេះដូងប្រជាពលរដ្ឋពិតៗ។
លោក សុវណ្ណ ប៊ុនធឿន ក៏បានប្តេជ្ញាចិត្តថា លោកនឹងខិតខំយកអស់កម្លាំងកាយចិត្ត ចំណេះដឹង និងបទពិសោធន៍ការងារ ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវខ្ពស់ ខណៈមានទំនុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងរក្សាភាពផ្ទៃក្នុងឲ្យបានល្អ លើកកម្ពស់ស្មារតីមន្ត្រីក្រោមឱវាទ និងធ្វើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងរៀបចំសណ្តាប់ធ្នាប់ ការពារសុវត្តិភាពជូនប្រជាពលរដ្ឋឲ្យបានល្អ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធធ្វើការអភិវឌ្ឍស្រុកឲ្យបានល្អ៕

