កម្ពុជាស្នើដល់ប្រទេសហ្សកហ្ស៊ីជួយគាំទ្របេក្ខភាពរបស់ខ្លួនឱ្យបានចូលជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់ក្រុមអាស៊ី-ប៉ាស៊ីហ្វិកអាណត្តិឆ្នាំ២០២៦-២០៣០
ឯកឧត្តមជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រចាំសាធារណរដ្ឋប៊ុលហ្គារីបានស្នើដល់ឱ្យប្រទេសហ្សកហ្ស៊ី ជួយគាំទ្របេក្ខភាពរបស់កម្ពុជាជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់ក្រុមអាស៊ី-ប៉ាស៊ីហ្វិកអាណត្តិឆ្នាំ ២០២៦-២០៣០ ដែលការបោះឆ្នោតគ្រោងនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។
ការស្នើសុំនេះធ្វើឡើងក្នុងជំនួបជាមួយ ឯកឧត្តម Zurab Khamashuridze អគ្គរដ្ឋទូតហ្សកហ្ស៊ី ប្រចាំសាធារណរដ្ឋប៊ុលហ្គារី កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។
នៅក្នុងឱកាសនោះឯកឧត្តម ជា ច័ន្ទបរិបូរណ៍បាន ស្នើសុំដោយស្មោះនូវការគាំទ្រដ៏មានតម្លៃពី ហ្សកហ្ស៊ី សម្រាប់បេក្ខភាពរបស់កម្ពុជា ព្រោះប្រទេសកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ចំពោះការអភិរក្ស និងការលើកកម្ពស់បេតិកភណ្ឌវប្បធម៌អរូបី ដែលយើងជឿថាការណ៍នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការយោគយល់គ្នាទៅវិញទៅមក ភាពចម្រុះនៃវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមបានចាត់ទុកថា ការគាំទ្រពីរដ្ឋាភិបាលរបស់រដ្ឋាភិបាលហ្សកហ្ស៊ីជាការបង្ហាញដ៏មានអត្ថន័យនៃការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការការពារកេរដំណែលវប្បធម៌របស់មនុស្សជាតិ។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ហើយឯកឧត្តមប្តេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយហ្សកហ្ស៊ី ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។
ក្រៅពីនេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ក៏បានស្នើដល់ភាគីហ្សកហ្ស៊ី ឱ្យមានការសហការណ៌ផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក រវាង AKP ជាមួយសារព័ត៌មានផ្លូវការរបស់ហ្សកហ្ស៊ី, រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ,ស្នើរកិច្ចសហប្រតិបត្តិការផ្នែកវិស័យអប់រំ ដោយធ្វើការផ្លាស់ប្ដូរបទពិសោធន៍ ផ្តល់អាហារូបករណ៍ដល់និសិត្សកម្ពុជា សហការរវាងសាកលវិទ្យាល័យនិងសាកលវិទ្យាល័យ និងស្នើសុំឱ្យមានជំនួបរវាងសភាពាណិជ្ជកម្មនិង ពាណិជ្ជករកម្ពុជានិងហ្សកហ្ស៊ីដើម្បីស្វែងរកឱកាសវិនិយោគទៅវិញទៅមកផងដែរ។
ឯកឧត្តមអគ្គរដ្ឋទូតហ្សកហ្ស៊ី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ គឺចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ១៩៩៤ មកទំនាក់ទំនងនៃភាពជាដៃគូរបស់យើង មានភាពល្អប្រសើរជាលំដាប់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅ។ ដោយក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជា និងហ្សកហ្ស៊ី បានបង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅលើគោលការណ៍មិត្តភាព ការគោរព និងសេចក្តីប្រាថ្នារួមគ្នាសម្រាប់សន្តិភាព និងការអភិវឌ្ឍ។ ជាមួយគ្នានោះឯកឧត្តមបានឯកភាពចំពោះសំណើដែលបានលើកឡើងដោយឯកអគ្គរាជទូតកម្ពុជា សន្យាជំរុញ និងនាំយកសំណើរនេះ ទៅជូនរដ្ឋាភិបាលរបស់ខ្លួនបានដឹង ឱ្យជួយគាំកម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី ក្នុងតំបន់ និងលើឆាកអន្តរជាតិ៕

