អតីតបុគ្គលិកស៉ីវិលម្នាក់នៃកងទ័ពអាកាសអាមេរិក ត្រូវបានផ្តន្ទាទោសដាក់ ពន្ធនាគារយៈពេលជិត៦ឆ្នាំ សម្រាប់ការចែករំលែកព័ត៌មានសម្ងាត់ការពារជាតិ

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃពុធ ទី៨ ខែតុលា អតីតបុគ្គលិកស៉ីវិលម្នាក់នៃកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ត្រូវបានផ្តន្ទាទោសដាក់ ពន្ធនាគារយៈពេលជិត៦ឆ្នាំ សម្រាប់ការចែករំលែកព័ត៌មានសម្ងាត់ការពារជាតិ នៅលើកម្មវិធីណាត់ជួប (dating app)។
លោក David Slater វ័យ៦៤ឆ្នាំ កាលពីខែកក្កដា បានឆ្លើយសារភាពទទួលយកទោសកំហុស សម្រាប់ការបញ្ជូនព័ត៌មានសម្ងាត់នៅ លើកម្មវិធីណាត់ជួបមួយ ទៅកាន់បុគ្គលម្នាក់ដែលបានអះអាងថា ជាស្រ្តីរស់នៅក្នុងប្រទេសអ៊ុយក្រែន។ ពេលបញ្ជូនព័ត៌មានទាំងនោះ គឺលោក Slater មានការងារជាបុគ្គលិកស៉ីវិល បម្រើការនៅបញ្ជាការដ្ឋានយុទ្ធសាស្រ្តរបស់យោធាអាមេរិក ក្នុងរដ្ឋ Nebraska។
គួរបញ្ជាក់ថា យោងតាមក្រសួងយុត្តិធម៌អាមេរិក ឯកសារសម្ងាត់ខាងលើ គឺពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន ដោយរួមមានទាំង ព័ត៌មានអំពីគោលដៅយោធា និងសមត្ថភាពយោធារបស់រុស្ស៉ី។ កាលពីថ្ងៃពុធ ចៅក្រមសហព័ន្ធនៅរដ្ឋ Nebraska បានសម្រេចកាត់ទោសឱ្យលោក Slater ជាប់ពន្ធនាគាររយៈពេលសរុប៧០ខែ និងរងការពិន័យជាប្រាក់២៥ ០០០ដុល្លារ៕

