អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចឆ្លងដែនដោយខុសច្បាប់

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ កម្លាំងវរសេនាតូចលេខ៥១៤ កងពលតូចថ្មើជើងលេខ៥១ បានប្រគល់ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប្រាក់ស៊ុង សុមផន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិថៃ ពាក់ព័ន្ធករណីឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ នៅចំណុចខាងជើងតំបន់១ ចម្ងាយប្រហែល២០០ម៉ែត ស្ថិតក្នុងភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មកឱ្តកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដើម្បីចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេកបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ពិតប្រាកដមែន និងប្រាប់ថា រូបគេសព្វថ្ងៃរស់នៅប្រទេសថៃ តែពុំមានការងារធ្វើ ទើបសម្រេចចិត្តមករកការងារធ្វើនៅស្រុកខ្មែរ។
ដោយផ្អែកលេីចម្លេីយសារភាពកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

