ឯកឧត្ដម ហង់ជួន ណារ៉ុន អញ្ជើញក្នុងពិធីសម្ពោធពិព័រណ៍ស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ”

ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍ស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន គណៈនាយកវិទ្យាល័យរដ្ឋនិងឯកជន សាស្ត្រាចារ្យ បុគ្គលិកអប់រំ និងសិស្សានុសិស្ស។
ពិព័រណ៍ស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ” រៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា ជាមួយមូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា។ ពិព័រណ៍នេះបានបង្ហាញស្នាដៃចំនួន៣ប្រភេទរួមមាន៖
១. លទ្ធផលនៃការស្រាវជ្រាវជាវត្ថុគំរូ កម្មវិធី ឬ ប្រព័ន្ធដែលពាក់ព័ន្ធនឹង AI
២. កម្មវិធីសិក្សា ឬការស្រាវជ្រាវដែលកំពុងដំណើរការពាក់ព័ន្ធនឹង AI
៣. គម្រោង ផែនការ ឬគំនិតផ្តួចផ្តើមថ្មីៗស្តីពីការស្រាវជ្រាវដើម្បីអភិវឌ្ឍផ្នែក AI ។
ពិព័រណ៍នេះ ក៏មានបទបង្ហាញចំនួន៣ រួមមាន៖
១. ការប្រកាសជាសាធារណៈនូវសន្និសីទថ្នាក់ជាតិ ស្តីពី “បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ”ដែលគ្រោងនឹងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២៥
២. ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីគាំទ្រដល់ការរៀននិងការបង្រៀន
៣. របត់ថ្មីនៃបែបផែនក្នុងការស្រាវជ្រាវដើម្បីអភិវឌ្ឍន៍ ដោយឧបករណ៍បញ្ញាសិប្បនិម្មិត។
បន្ទាប់ពីបានចុះទស្សនាការតាំងពិព័រណ៌ និងស្តាប់បទបង្ហាញពីអ្នកជំនាញរួចមក តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំពិព័រណ៍ស្តីពីបញ្ញាសិប្បនិម្មិតនេះឡើង ដែលជាការបោះជំហានដ៏សំខាន់មួយក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការអប់រំ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បញ្ញាសិប្បនិម្មិត នឹងនាំមកនូវការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ដែលនឹងក្លាយជាឧបករណ៍ជំនួយដ៏មានប្រសិទ្ធភាព ក្នុងការជួយសម្រួល និងបង្កើនប្រសិទ្ធភាពដល់ការងាររបស់គ្រូបង្រៀន និងការរៀនសូត្ររបស់ សិស្សានុសិស្ស។
យ៉ាងណាមិញ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដែរថា បញ្ញាសិប្បនិម្មិតនាពេលនេះ គឺនៅតែជាឧបករណ៍ជំនួយប៉ុណ្ណោះ ដោយយើងមិនអាចពឹងផ្អែកទាំងស្រុងទៅលើបច្ចេកវិទ្យានេះបានទេ ដែលអាចបណ្តាលឱ្យបាត់បង់នូវឯករាជ្យភាពនៃការគិតរបស់ខ្លួន ដូច្នេះយើងត្រូវតែចេះប្រើប្រាស់ចំណុចខ្លាំង និងទប់ស្កាត់ចំណុចខ្សោយរវាងសមត្ថភាពរបស់ម៉ាស៊ីន និងមនុស្ស ប្រកបដោយតុល្យភាព ដើម្បីធានាឱ្យដំណើរការរៀនសូត្រកាន់តែមានប្រសិទ្ធភាពខ្ពស់ និងស្របតាមក្របសីលធម៌នៃការប្រើប្រាស់បច្ចេកវិទ្យា។
គួរបញ្ជាក់ដែរថា ពិធីសម្ពោធពិព័រណ៍ស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ” គឺជាកម្មវិធីអមនៃទិវាគ្រូបង្រៀន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃស្អែកត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ លើប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕

