ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN៖ រុស្ស៉ីមិនទទួលស្គាល់ទណ្ឌកម្មដែល UN ដាក់ឡើងវិញលើអ៉ីរ៉ង់នោះទេ

មូស្គូ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ ២០២៥ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Vassily Nebenzia បានប្រាប់ក្រុមអ្នកកាសែតថា រុស្ស៉ីមិនទទួលស្គាល់ទណ្ឌកម្មដែល UN ដាក់ឡើងវិញលើអ៉ីរ៉ង់នោះទេ។
កាលពី ចុងសប្តាហ៍មុន UN បានដាក់ទណ្ឌកម្មអាវុធឡើងវិញ និង ទណ្ឌកម្ម ផ្សេងទៀត លើអ៉ីរ៉ង់ ជុំវិញ កម្មវិធី នុយក្លេអ៊ែរ របស់ខ្លួន ខណៈទីក្រុងតេហេរ៉ង់ព្រមានឆ្លើយតបយ៉ាងម៉ឹងមាត់។
លោក Nebenzia បាននិយាយក្នុងសន្និសីទសារព័ត៌មាន ដើម្បីចាប់ផ្តើមអាណត្តិរុស្ស៉ីក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខ UN សម្រាប់ខែតុលាថា «ទោះជាមានការដាក់ទណ្ឌកម្មឡើងវិញ តែយើងចាត់ទុកថាគ្មាន។ ទណ្ឌកម្មនោះវាបង្កើតបញ្ហា។ តើយើងនឹងចេញពីវាដោយរបៀបណា សូមរង់ចាំមើល»។
គួរបញ្ជាក់ថា ជាមួយនិងការត្រលប់មកវិញនៃទណ្ឌកម្មរបស់ UN អ៉ីរ៉ង់ត្រូវរងនូវការហ៊ុមព័ទ្ធផ្នែកអាវុធ និងបម្រាមលើរាល់សកម្មភាពចម្រាញ់ កែច្នៃសារធាតុអ៊ុយរ៉ាញ៉ូម ក៏ដូចជាសកម្មភាពណាមួយទាក់ទងនឹងមីស៉ីលផ្លោង។ រីឯ ទណ្ឌកម្មផ្សេងទៀតដែលនឹងត្រូវដាក់បញ្ចូលឡើងវិញ រួមមានការហាមប្រាមធ្វើដំណើរ ការបង្កកទ្រព្យសម្បត្តិបុគ្គល និងអង្គភាព រួមទាំងការផ្គត់ផ្គង់សម្ភារដែលអាចប្រើសម្រាប់កម្មវិធីនុយក្លេអ៊ែរ៕
