សម្តេចធិបតី កោតសរសើរអាជ្ញាធរដែលខិតខំយកចិត្តទុកដាក់ក្នុងការការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ឱ្យប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកោតសរសើរចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌកន្លងទៅ ឱ្យប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
សម្តេចធិបតី ក៏បានកោតសសើរ និងថ្លែងអំណរគុណចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងយ៉ាងអង់អាចក្លាហាននៅគ្រប់ទិសសមរភូមិជួរមុខ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលមានជំនឿចិត្តមកលើរាជរដ្ឋាភិបាល និងបន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដ៏ស្មោះស្ម័គ្រជូនវីរកងទ័ព និងវីរនគរបាលជួរមុខដ៏អង់អាចក្លាហាន៕


