រដ្ឋមន្ត្រីក្រសួងថាមពលថ្មីថៃ៖ ការពិភាក្សាវាងកម្ពុជា-ថៃអំពីការរុករកថាមពលនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នាក្នុងឈូងសមុទ្ទថៃ ត្រូវបានផ្អាករហូតដល់ជម្លោះទឹកដីត្រូវបានដោះស្រាយ

បាងកក៖ បើតាមការចុះផ្សាយរបស់កាសែតថៃ The Nation កាលពីថ្ងៃទី៩កញ្ញា រដ្ឋមន្ត្រីក្រសួងថាមពលថ្មីរបស់ប្រទេសថៃ លោក អាត់ថៈភុន ឫកភិបុល បានបញ្ជាក់ថា ការពិភាក្សាវាងកម្ពុជា-ថៃអំពីការរុករកថាមពលនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នាក្នុងឈូងសមុទ្ទថៃ ត្រូវបានផ្អាក រហូតដល់ជម្លោះទឹកដីត្រូវបានដោះស្រាយ។
លោក អាត់ថៈភុន បានចែករំលែកជំហររបស់គាត់លើជម្លោះតំបន់ទាមទារត្រួតស៊ីគ្នា (OCA) រវាងថៃ និងកម្ពុជា ដោយបញ្ជាក់ថា ការរុករកថាមពលនៅក្នុងតំបន់មិនអាចដំណើរការបានរហូតដល់ជម្លោះទឹកដីដែលកំពុងបន្តត្រូវបានដោះស្រាយ។
លោកបានបន្ទរសម្ដីរបស់លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរគុល ដោយសង្កត់ធ្ងន់ថា៖«ថៃនឹងមិនព្រមបាត់ដីសូម្បីមួយសង់ទីម៉ែត្រការ៉េរបស់ខ្លួនឡើយ។ ដូច្នេះ ការពិភាក្សាអំពីការរុករកថាមពលត្រូវផ្អាក រហូតដល់បញ្ហាសន្តិសុខជាតិ និងអធិបតេយ្យភាពត្រូវបានដោះស្រាយដោយក្រសួងការបរទេស»។
រដ្ឋមន្ត្រីក្រសួងថាមពលថ្មីរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា៖«ការពិភាក្សាអំពីការរុករកថាមពលនឹងមិនដំណើរការរហូតដល់បញ្ហាព្រំដែនជាតិត្រូវបានដោះស្រាយ។ សន្តិសុខជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាអាទិភាពសំខាន់បំផុត»។ នៅពេលសួរអំពីសំណើរបស់រាជរដ្ឋាភិបាលមុនសម្រាប់កិច្ចព្រមព្រៀងចែករំលែកប្រាក់ចំណេញ៥០-៥០ រវាងប្រទេសថៃ និងកម្ពុជា សម្រាប់ទុនបម្រុងប្រេងនៅតំបន់ទាមទារត្រួតស៊ីគ្នា លោក អាត់ថៈភុន បានឆ្លើយតបថា នឹងមិនមានការរីកចម្រើនលើបញ្ហានេះទេរហូតដល់ជម្លោះទឹកដីត្រូវបានបញ្ចប់។
គួរបញ្ជាក់ថា តំបន់ទាមទារត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្ទថៃ ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ២៦០ ០០០គីឡូម៉ែត្រការ៉េ ត្រូវបានគេជឿថា មានស្តុកប្រេង និងឧស្ម័នសំខាន់ៗ ដែលប៉ាន់ស្មានថា មានរហូតដល់៥០០លានបារ៉ែល។ ទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ រវាងប្រទេសថៃ និងកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍផ្នែកនៃតំបន់ទាមទារត្រួតស៊ីគ្នានេះ និងបង្កើតព្រំដែនសមុទ្ទក៏ដោយ ក៏វឌ្ឍនភាពបានជាប់គាំងដោយសារតែជម្លោះ ដែលកំពុងបន្តលើព្រំដែនសមុទ្ទ៕

