គណបក្ស LDP ដែលជាបក្សកាន់អំណាចនៅប្រទេសជប៉ុន នឹងបោះឆ្នោតជ្រើសរើសប្រធានថ្មី នៅថ្ងៃទី៤ តុលា

តូក្យូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកំពុងកាន់អំណាចនៅប្រទេសជប៉ុន នឹងបោះឆ្នោតជ្រើសរើសប្រធានថ្មី នៅថ្ងៃទី៤ ខែតុលា ដើម្បីជំនួសនាយករដ្ឋមន្រ្តី លោក Shigeru Ishiba ដែលបានប្រកាសលាលែងពីតំណែង។
បេក្ខជនដែលមានភាពលេចធ្លោជាងគេ គឺលោកស្រី Sanae Takaichi ដែលជាអតីតរដ្ឋមន្រ្តីទទួលបន្ទុកសន្តិសុខសេដ្ឋកិច្ច និងជា សមាជិកជើងចាស់មួយរូប នៅក្នុងគណបក្ស LDP ហើយនិងលោក Shinjiro Koizumi ដែលជារដ្ឋមន្រ្តីក្រសួងកសិកម្មបច្ចុប្បន្ន និងជាកូនប្រុសរបស់អតីតនាយករដ្ឋមន្រ្តី លោក Junichiro Koizumi។
អ្នកទាំងពីរមិនទាន់បានប្រកាសចូលរួមប្រជែងតំណែង ប្រធានបក្សជាផ្លូវការនៅឡើយទេ ប៉ុន្តែអំឡុងការបោះឆ្នោតរើសមេដឹកនាំបក្សលើកចុងក្រោយ កាលពីខែកញ្ញា ឆ្នាំ២០២៤ គឺលោកស្រី Takaichi ស្ថិតនៅលេខរៀងទី២ និងលោក Koizumi នៅលេខរៀងទី៣។ បុគ្គលដទៃទៀត ដែលអាចជាបេក្ខជនដែរនោះ រួមមានដូចជា អតីតរដ្ឋមន្រ្តីការបរទេស លោក Toshimitsu Motegi និងរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លោក Yoshimasa Hayashi។
គួរបញ្ជាក់ថា លោក Ishiba បានប្រកាសពីការសម្រេចចិត្តលាលែងពីតំណែង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដើម្បីជាការទទួលខុសត្រូវ ចំពោះលទ្ធផលបោះឆ្នោតនាពេលកន្លងមក ដែលបានមើលឃើញក្រុមចម្រុះរបស់លោក បាត់សំឡេងភាគច្រើនទាំងនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភា ដោយសារតែការមិនពេញចិត្តរបស់ប្រជាជន ជុំវិញការកើនឡើងខ្ពស់ នៃថ្លៃចំណាយលើជីវភាពរស់នៅ៕
