កម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះហ្វីលីពីន ដែលនឹងទទួលជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ

ភ្នំពេញ៖ ក្នុងសេចក្ដីថ្លែងការណ៍រួមសារព័ត៌មាន ក្រោយបញ្ចប់ជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីន ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃទី៨ កញ្ញានេះ សម្ដេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីទៅកាន់ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ថាកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះ ហ្វីលីពីន ដែលនឹងទទួលជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ។
សម្ដេចធិបតី បានអះអាងថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួម ដើម្បីពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន ក្នុងឆ្នាំ២០២៥នេះ។
សម្ដេចមានប្រសាសន៍យ៉ាងដូច្នេះថា “ក្នុងក្របខ័ណ្ឌតំបន់ ខ្ញុំបានបញ្ជាក់ជាថ្មីនូវការគាំទ្រពេញទំហឹងរបស់កម្ពុជា ចំពោះហ្វីលីពីន ដែលនឹងទទួលតួនាទីជាប្រធានអាស៊ានប្តូរវេន នៅឆ្នាំក្រោយ។ យើងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន”។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី បានបន្តថា កម្ពុជាផ្ដល់សារៈសំខាន់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយហ្វីលីពីន ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នទៅវិញទៅមក និងផលប្រយោជន៍រួម។ រយៈពេលជាច្រើនឆ្នាំកន្លងមក ភាពជាដៃគូនៃប្រទេសយើងទាំងពីរ បានរីកចម្រើនលើគ្រប់វិស័យ រួមមាន៖ វិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
សម្ដេចនាយករដ្ឋមន្ត្រីបន្ថែមទៀតថា កម្ពុជាសូមអរគុណសហគមន៍ហ្វីលីពីននៅកម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៃប្រទេសយើងទាំងពីរ។ កម្ពុជាសូមស្វាគមន៍ប្រជាជនហ្វីលីពីនកាន់តែច្រើន អញ្ជើញចូលមកកម្ពុជា ក្នុងនាមជាភ្ញៀវទេសចរជាវិនិយោគិន និងដៃគូអាជីវកម្ម៕

